
អ្នកផ្សព្វផ្សាយសាសនាជនជាតិកូរ៉េខាងត្បូងម្នាក់ដែលត្រូវបានចាប់ខ្លួនដោយរុស្ស៊ីពីបទចារកម្មនោះ ត្រូវបានបញ្ជូនទៅធ្វើកិច្ចការមនុស្សធម៌ និងបេសកកម្មយ៉ាងពិតប្រាកដ ហើយមិនមានការចូលរួមក្នុងការជួយកម្មករកូរ៉េខាងជើងនៅក្នុងតំបន់នេះឲ្យរត់គេចនោះទេ។ នេះបើតាមការលើកឡើងពីប្រធានក្រុមជំនួយគ្រិស្តបរិស័ទរបស់ជនជាប់ចោទ។
បព្វជិត Lee Sun-gu ដែលដឹកនាំមូលនិធិ Love Rice Sharing Foundation ដែលមានមូលដ្ឋាននៅទីក្រុង Incheon របស់កូរ៉េខាងត្បូង ក៏បានប្រាប់ផងដែរថា ការចោទប្រកាន់ពីបទចារកម្មប្រឆាំងនឹងសហការីផ្សព្វផ្សាយសាសនារបស់លោក គឺ «មិនសមហេតុផលទាល់តែសោះ» និង «មិនពិតនោះឡើយ»។
បព្វជិត Lee បានប្រាប់សារព័ត៌មាន Reuters ថា៖ «គាត់គឺជាមនុស្សដែលមានមនសិការ និងគោរពប្រតិបត្តិសាសនាយ៉ាងជ្រាលជ្រៅ ដែលត្រូវបានតែងតាំងដោយក្រុម ដើម្បីជួយពលករចំណាកស្រុកអ្នកក្រីក្រ និងប្រជាជនដែលជួបការលំបាក។ ៥០ភាគរយនៃការងាររបស់យើង គឺជួយអ្នកខ្វះខាត ហើយ ៥០ ភាគរយនៃការងាររបស់យើង គឺជាបេសកកម្ម។ នោះហើយជាកិច្ចការរបស់យើង»។
ដោយសំដៅទៅលើការចោទប្រកាន់ពីបទចារកម្មនោះ បព្វជិត Lee បានប្រាប់ថា៖ «វាជារឿងមិនទំនងទាល់តែសោះ ហើយខ្ញុំគិតថា វាជារឿងត្រូវបានរៀបចំឡើង»។
គួរបញ្ជាក់ថា ជនជាប់ចោទនោះ ត្រូវបានទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី Tass កំណត់អត្តសញ្ញាណថា ឈ្មោះ Baek Kwang-soon វ័យ ៥៣ឆ្នាំ ហើយទីភ្នាក់ងារសារព័ត៌មាននេះ បានឲ្យដឹងថា វាគឺជាករណីដំបូងរបស់ជនជាតិកូរ៉េខាងត្បូងដែលត្រូវបានចាប់ខ្លួនពីបទចារកម្ម នៅប្រទេសរុស្ស៊ី៕