ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិត បង់ក្លាដែស នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ដឹកនាំ របស់វេទិកាភាពងាយរងគ្រោះនៃអាកាសធាតុ (CVF) ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅព្រលប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ស្របពេលសម័យប្រជុំលើកទី៧៥ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដែលបានចេញនៅថ្ងៃទី៧ ខែតុលានេះ ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ដឹកនាំរបស់វេទិកាភាពងាយរងគ្រោះ នៃអាកាសធាតុ (CVF) សម្តេចតេជោ នឹងធ្វើបទអន្តរាគមន៍ផ្សាយបន្តផ្ទាល់ នឹងលើកឡើងអំពីផលប៉ះពាល់ធ្ងន់ធ្ងរ នៃការប្រែប្រួលអាកាសធាតុលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងសន្តិសុខ ក្នុងតំបន់ក៏ដូចជាពិភពលោក។
ជាមួយគ្នានេះ សម្តេចតេជោ នឹងគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែករបស់រាជរដ្ឋាភិបាលកម្ពុជាលើបញ្ហាការប្រែប្រួលអាកាសធាតុ ដែលឆ្លុះបញ្ចាំងតាមរយៈការដាក់បញ្ចូលវិធានការកាត់បន្ថយផលប៉ះពាល់ទៅក្នុងគោលនយោបាយអភិវឌ្ឍន៍ជាតិ ដំណើរការទៅមុខយ៉ាងឆាប់រហ័សនៅកម្ពុជា នៃក្របខ័ណ្ឌ គតិយុត្តិនិងបច្ចេកទេសសម្រាប់កម្មវិធីសកម្មភាពកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលកើតឡើងដោយ សារការកាប់បំផ្លាញនិងការសឹករេចរឹល នៃព្រៃឈើបូក (REDD+) និង ការផ្តល់ទាន់ពេលវេលានូវរបាយការណ៍ បច្ចុប្បន្នភាពស្តីពីការចូលរួមចំណែករបស់ជាតិ ក្នុងការអនុវត្តអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិ ស្ដីពីការប្រែប្រួលអាកាសធាតុ (NDC Update-UNFCCC)។
សេចក្តីប្រកាសព័ត៌មាននេះ បានបន្តឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន ក៏នឹងផ្តល់អនុសាសន៍ក្នុងការអនុវត្តជាក់ស្តែងមួយចំនួនស្តីពីការឆ្លើយតបឲ្យបានគ្រប់ ជ្រុងជ្រោយ និងប្រកបដោយប្រសិទ្ធភាពចំពោះឥទ្ធិពលអវិជ្ជមាន នៃការប្រែប្រួលអាកាសធាតុទៅលើបរិស្ថាន សេដ្ឋកិច្ច និងសង្គម៕
អត្ថបទ ៖ សេក ឧត្តម
