
រាល់ការប៉ុនប៉ងដើម្បីបញ្ជូនទាហានប៉ូឡូញចូលទៅអ៊ុយក្រែន អាចបញ្ចប់ជាមួយនឹងការកាន់កាប់រយៈពេលវែង។ នេះជាការព្រមានរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅក្នុងបទសម្ភាសន៍ទូលំទូលាយមួយជាមួយអ្នកសារព័ត៌មាន លោក Dmitry Kiselyov ដែលគ្រោងនឹងចាក់ផ្សាយតាមទូរទស្សន៍របស់រុស្ស៊ី 1 TV និង RIA Novosti នៅថ្ងៃពុធ (ទី១៣ ខែមីនា)។
បើតាមការដកស្រង់សម្ដីពីបទសម្ភាសន៍នោះ លោក Putin បានប្រាប់ថា៖ «ប្រសិនបើកងទ័ពប៉ូឡូញចូលទឹកដីអ៊ុយក្រែន ដូចដែលពួកគេនិយាយ ជាឧទាហរណ៍ ក្នុងគោលបំណងការពារព្រំដែនអ៊ុយក្រែន-បេឡារុស ឬនៅកន្លែងផ្សេងទៀត ដើម្បីជួយសម្រាលអង្គភាពយោធាជំនួយអ៊ុយក្រែនចូលរួមក្នុងអរិភាពនៅខ្សែត្រៀមជួរមុខនោះ ខ្ញុំគិតថា ទាហានប៉ូឡូញទាំងនោះ នឹងគ្មានផ្លូវចាកចេញមកវិញបានឡើយ»។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានអះអាងកាលពីសប្តាហ៍មុនថា ការពង្រាយកងទ័ពរបស់អង្គការណាតូ (NATO) ទៅកាន់ប្រទេសអ៊ុយក្រែន ចំពេលមានជម្លោះជាមួយរុស្ស៊ី គឺ «ជារឿងមិនអាចយល់បាននោះទេ»។ លោក Sikorski កំពុងធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ដែលបាននិយាយកាលពីចុងខែមុនថា លោក "មិនអាចច្រានចោល» បានឡើយនូវលទ្ធភាពនៃការបញ្ចូនទាហានពីប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិកទៅកាន់ទៅក្រុងគីវ៕