
ក្រុមហ៊ុនអវកាសជប៉ុន Space One និយាយនៅថ្ងៃពុធនេះថា ការផ្ទុះភ្លាមៗនៃយានចម្លង Kairos បន្ទាប់ពីការបាញ់បង្ហោះ កំពុងស្ថិតក្រោមការស៊ើបអង្កេត ។
ប្រធានក្រុមហ៊ុន Space Oneលោក Masakazu Toyoda និយាយប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានថា វិធានការត្រូវបានចាត់ ដើម្បីផ្អាកការហោះហើរ ក្រោយគេវាយតម្លៃថាវាទំនងជាមិនជោគជ័យនោះទេ ។
លោក Toyoda បន្តថា អគ្គិភ័យបន្ទាប់ពីឧបទ្ទេវហេតុកើតឡើង ត្រូវបានពន្លត់ទាំងស្រុង ហើយគ្មានភាគីទី ៣ ឬបុគ្គលិកក្រុមហ៊ុន បានរងរបួសនោះទេ ។
គួរឲ្យដឹងថា យានចម្លងកម្ពស់ ១៨ម៉ែត្រ បានផ្ទុះរយៈពេល ៥វិនាទីប៉ុណ្ណោះ ក្រោយលើកចេញពីជើងទម្រ បណ្តាលឲ្យមានផ្សែងយ៉ាងធំ និងអណ្តាតភ្លើង បំណែករ៉ុក្កែត នៅជិតទីតាំងបាញ់បង្ហោះ ស្ថិតក្នុងឧបទ្វីប Kii ភាគខាងលិចប្រទេសជប៉ុន ។
យានចម្លង Kairos បានដឹកផ្កាយរណបពិសោធន៍មួយរបស់រដ្ឋាភិបាលដែលអាចជំនួសជាបណ្ដោះអាសន្ននូវផ្កាយរណបចារកម្មបច្ចុប្បន្ន ដែលកំពុងស្ថិតក្នុងគន្លងតារាវិថី ប្រសិនបើផ្កាយរណបទាំងនោះដាច់សេវា ៕