
ក្រុងប៉េកាំង នៅថ្ងៃពុធ (ទី១៣ ខែមីនា) នេះ បានព្រមានថា ការស្នើឲ្យដាក់បម្រាមលើកម្មវិធីចែករំលែកវីដេអូរបស់បណ្ដាញសង្គម TikTok ដែលគ្រប់គ្រងដោយក្រុមហ៊ុនជនជាតិចិន នឹង «ត្រឡប់ជាបង្កបញ្ហាដល់សហរដ្ឋអាមេរិកវិញដោយជៀសមិនរួច»។
សភាតំណាងរាស្រ្តអាមេរិក គ្រោងនឹងបោះឆ្នោតនៅពេលយប់ថ្ងៃពុធនេះ លើសេចក្ដីស្នើច្បាប់ដែលនឹងជំរុញឲ្យកម្មវិធីនេះកាត់ផ្តាច់ទំនាក់ទំនងជាមួយម្ចាស់ជនជាតិចិន ឬត្រូវបានហាមឃាត់នៅសហរដ្ឋអាមេរិក។ ច្បាប់នេះគឺជាការគម្រាមកំហែងដ៏ធំបំផុត ចំពោះកម្មវិធីចែករំលែកវីដេអូនេះ ដែលបានកើនប្រជាប្រិយភាពយ៉ាងខ្លាំងក្លា នៅទូទាំងពិភពលោក ខណៈពេលដែលបង្កើនការភ័យខ្លាច ក្នុងចំណោមរដ្ឋាភិបាល និងមន្ត្រីសន្តិសុខ ពាក់ព័ន្ធនឹងកម្មសិទ្ធិជារបស់ក្រុមហ៊ុនចិន និងការណ៍ដែលអាចនៅក្រោមបង្គាប់របស់បក្សកុម្មុយនីស្តនៅក្នុងទីក្រុងប៉េកាំង។
នៅមុនការបោះឆ្នោតផ្ដល់ការអនុម័តកើតឡើង អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្កោលទោសចំពោះការស្នើឲ្យមានបម្រាមនេះ។ លោកបាននិយាយថា៖ «ទោះបីជាសហរដ្ឋអាមេរិកមិនបានរកឃើញភស្តុតាង ដែលថា បណ្ដាញសង្គម TikTok គំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិកក៏ដោយ ក៏ខ្លួនមិនបញ្ឈប់ក្នុងការបិទបណ្ដាញសង្គមនេះដែរ»។
លោកបានបន្ថែមថា៖ «អាកប្បកិរិយាសម្លុតកំហែងបែបនេះដែលមិនអាចទទួលបានជ័យជម្នះណៅក្នុងការប្រកួតប្រជែងដោយយុត្តិធម៌នោះ រំខានដល់សកម្មភាពអាជីវកម្មធម្មតារបស់ក្រុមហ៊ុន បំផ្លាញទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិក្នុងបរិយាកាសវិនិយោគ ហើយនិងបំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មប្រក្រតីជាអន្តរជាតិ»។ លោក Wang បានសង្កត់ធ្ងន់ថា៖ «នៅទីបំផុត ការណ៍នេះនឹងត្រឡប់ជាបង្កបញ្ហាដល់សហរដ្ឋអាមេរិកវិញដោយជៀសមិនរួចនោះឡើយ»៕