អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ហ្គ្រូស៊ី (Rafael Grossi) បានសង្កត់ធ្ងន់លើការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីត្រួតពិនិត្យការបង្ហូរទឹកសំណល់ដែលមានមេរោគនុយក្លេអ៊ែរចូលក្នុងមហាសមុទ្រ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី (Fukushima Daiichi) ដែលរងការខូចខាត របស់ប្រទេសជប៉ុន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធ (១៣ មីនា)។

ប្រធានទីភ្នាក់ងារ IAEA រូបនេះបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អង្គការនេះក្នុងការត្រួតពិនិត្យបន្ថែមលើការបង្ហូរសំណល់ទឹក នៅពេលដែលលោកបានជួបជាមួយក្រុមអ្នកនេសាទក្នុងស្រុកនៅទីក្រុង អ៊ីវ៉ាគី (Iwaki) នៃខេត្តភាគឦសាន ហ្វ៊ូគូស៊ីម៉ា (Fukushima) ក្នុងអំឡុងពេលធ្វើដំណើររយៈពេលបីថ្ងៃនៅក្នុងប្រទេសជប៉ុន។

លោក ហ្គ្រូស៊ី ដែលបានសង្កត់ធ្ងន់លើតួនាទីរបស់ទីភ្នាក់ងារ IAEA ជាអ្នកសង្កេតការណ៍ឯករាជ្យ បានរំលឹកឡើងវិញនូវជំហររបស់អង្គការនេះលើការបន្តប្រុងប្រយ័ត្នពេញមួយដំណើរការត្រួតពិនិត្យ។

ខណៈពេលដែលរដ្ឋាភិបាលជប៉ុន និងប្រតិបត្តិកររោងចក្រអគ្គិសនីតូក្យូ (TEPCO) បានអះអាងពីសុវត្ថិភាព និងភាពចាំបាច់នៃការបញ្ចេញទឹកនេះ ការព្រួយបារម្ភជាច្រើនត្រូវបានលើកឡើងដោយបណ្ដាប្រទេសជិតខាង និងអ្នកពាក់ព័ន្ធក្នុងតំបន់ទាក់ទងនឹងផលប៉ះពាល់បរិស្ថានដែលអាចកើតមាន៕