ប្រណាំងកង់៖ កីឡាករអូទ្រីស Patrick Konrad របស់ក្រុមប្រណាំង BORA-Hansgrohe បានប្រជែងឈ្នះដំណាក់កាលទី ១៦ នៃការប្រកួតប្រណាំងកង់ Grand Tour, Tour de France ខណៈអ្នកការពារតំណែងជើងឯក Tadej Pogacar នៅតែបន្តនាំមុខដដែល។

ដំណាក់កាលទី ១៦ ថ្ងៃអង្គារម្សិលមិញនេះមានចម្ងាយផ្លូវ ១៦៩គីឡូម៉ែត្រ ជាដំណាក់កាលឆ្លងកាត់ស្ថានភាពផ្លូវភ្នំ Patrick Konrad បានមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ១នាទី ៥៩វិនាទី តាមពីក្រោយដោយកីឡាករអ៊ីតាលី Sonny Colbrelli យឺតជាង ៤២វិនាទី និងលេខ៣ កីឡាករអូស្ត្រាលី Michael Matthew យឺតជាង ៤២វិនាទីដូចគ្នា។ យ៉ាងណាក្តីអ្នកការពារតំណែងជើងឯកកីឡាករស្លូវេនី Tadej Pogacar នៅតែបន្តគ្រប់គ្រងតារាងវេលារួមដដែលក្រោយឆ្លងកាត់ ១៦ដំណាក់កាលនេះដោយមានវេលាសរុប ៦៦ម៉ោង ២៣នាទី ៦វិនាទី។
កីឡាករកូឡុំប៊ី Rigoberto Uran របស់ក្រុម EF Education ឈរលេខ២ ក្នុងតារាងរួមដេញពីក្រោយ ៥នាទី ១៨វិនាទី និងលេខ៣ កីឡាករដាណឺម៉ាក Jonas Vingegaard របស់ក្រុម Jumbo យឺតជាង ៥នាទី ៣២វិនាទី។ ដំណាក់កាលទី ១៧ ថ្ងៃនេះមានចម្ងាយផ្លូវ ១៧៨.៤គីឡូម៉ែត្រ ឆ្លងកាត់ស្ថានភាពផ្លូវឡើងភ្នំផងដែរ។ ព្រឹត្តិការណ៍ Tour de France លើកទី ១០៨ ឆ្នាំ២០២១ នេះនឹងបញ្ចប់នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះហើយ នៅមហាវិថីហ្សង់អេលីហ្សេទីក្រុងប៉ារីសប្រទេសបារាំង៕
អត្ថបទ៖នាង សុភាវុធ