ក្រុមមន្ត្រីអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធ (១៣ មីនា) ថាអ៊ីស្រាអែល បានសម្រេចវាយប្រហារទីក្រុងរ៉ាហ្វា (Rafah) ដែលជាទីក្រុងចុងភាគខាងត្បូងរបស់តំបន់ហ្កាហ្សាស្រ្ទីប ដែលផ្តល់ជម្រកដល់ប្រជាជនប៉ាឡេស្ទីនភៀសខ្លួនប្រមាណ ១,៤ លាននាក់ ហើយអ៊ីស្រាអែលនឹងជម្លៀសប្រជាជនភាគច្រើនមុនពេលការវាយប្រហារដែលបានគ្រោងទុកនេះ។

អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក ដានីញ៉ែល ហាហ្ការី (Daniel Hagari) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា យោធាមានបំណងដឹកនាំប្រជាជនរ៉ាហ្វា ទៅកាន់ «ប្រជុំកោះមនុស្សធម៌» ដែលអ៊ីស្រាអែល គ្រោងបង្កើតជាមួយសហគមន៍អន្តរជាតិនៅតំបន់កណ្តាលហ្កាហ្សា មុនពេលចាប់ផ្តើមការវាយលុក។

លោកបានបន្តថា តម្រូវការមូលដ្ឋានរួមមានផ្ទះសម្បែង អាហារ និងទឹក នឹងត្រូវបានផ្តល់នៅក្នុងតំបន់ដែលបានកំណត់ទាំងនេះ។ អ្នកនាំពាក្យរូបនេះមិនបាននិយាយពីកាលបរិច្ឆេទសម្រាប់ការចាប់ផ្តើមនៃការជម្លៀសរបស់ក្រុងរ៉ាហ្វា ឬការចាប់ផ្តើមនៃការវាយលុកដែលបានគ្រោងទុកនេះនោះទេ។

សហគមន៍អន្តរជាតិ និងអង្គការមនុស្សធម៌នានាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីផែនការរបស់អ៊ីស្រាអែល ក្នុងការអនុវត្តប្រតិបត្តិការជើងគោកនៅទីក្រុងរ៉ាហ្វា ដែលជាទីក្រុងតូចមួយមានប្រជាជនភៀសខ្លួនរស់នៅយ៉ាងក្រាស់ក្រែល ខណៈពួកគេបានព្រមានថា ប្រតិបត្តិការយោធាណាមួយក្នុងទីក្រុងរ៉ាហ្វា នឹងនាំឱ្យមានមហន្តរាយមនុស្សធម៌៕