កងកម្លាំងទ័ពអាកាសប្រទេសអាល្លឺម៉ង់ បានចាប់ផ្តើមប្រតិបត្តិការផ្គត់ផ្គង់ជំនួយដល់ប្រជាជននៅតំបន់ហ្កាហ្សា កាលពីល្ងាចថ្ងៃពុធ។

យន្តហោះកងទ័ពអាកាសអាល្លឺម៉ង់ ប៊ុនដេសវ៉េ(Bundeswehr) ដំបូង បានចាប់ផ្តើមហោះចេញពីទីក្រុងអេវ្រូ(Evreux) ប្រទេសបារាំង ទៅកាន់ប្រទេសហ្សកដានី។ រដ្ឋមន្ត្រីការពារពារជាតិ លោកបូរីស ពីស្តរៀស ( Boris Pistorius) បាននិយាយថា ការទម្លាក់ជំនួយមនុស្សធម៌តាមអាកាសលើកដំបូង លើតំបន់ហ្កាហ្សាស្ទ្រីប អាចធ្វើឡើងនៅចុងសប្តាហ៍នេះ ហើយយន្តហោះសរុបចំនួន២គ្រឿង នឹងត្រូវដាក់ពង្រាយ សម្រាប់ការដឹកជញ្ជូនច្រើនជើងជាចាំបាច់ និងអាចធ្វើទៅបាន។

ការដឹកជញ្ជូនជំនួយដើម្បីផ្គត់ផ្គង់ដល់ប្រជាជនក្នុងដែនដីប៉ាឡេស្ទីន ត្រូវបានផ្តួចផ្តើមឡើងដោយប្រទេសហ្សកដានី ដោយមានសហរដ្ឋអាមេរិក និងប្រទេសបារាំង កំពុងចូលរួមផងដែរ។
ក្រសួងបានប្រកាសថា ក្បួនយន្តហោះដឹកជញ្ជូនរបស់ប្រទេសអាល្លឺម៉ង់ ក្នុងទីក្រុងអេវ្រូ( Evreux ) ជាការទទួលបន្ទុកបេសកកម្មរបស់កងកម្លាំងទ័ពអាកាសប៊ុនដេសវ៉េ(Bundeswehr) ។
យោងតាមអ្នកនាំក្រសួងការពារជាតិ បានឲ្យដឹងថា នេះគឺមិនតម្រូវឲ្យមានអាណត្តិពីសភាជាន់ទាបនោះទេ ព្រោះនេះជា បេសកកម្មមនុស្សធម៌សុទ្ធសាធ។