សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តយ៉ាងលើសលប់លើសេចក្ដីស្នើច្បាប់មួយកាលពីថ្ងៃពុធ (១៣ មីនា) ដែលនឹងផ្តល់ឱ្យម្ចាស់កម្មវិធីវីដេអូខ្លី ទីកតុក (TikTok) គឺក្រុមហ៊ុនចិន បៃឌែន (ByteDance) រយៈពេលប្រហែលប្រាំមួយខែ ដើម្បីលក់ទ្រព្យសម្បត្តិសហរដ្ឋអាមេរិកនៃកម្មវិធីវីដេអូកម្សាន្តមួយនេះ បើមិនដូច្នេះទេក្រុមហ៊ុននេះនឹងប្រឈមមុខនឹងការហាមឃាត់ នៅក្នុងការគំរាមកំហែងដ៏ធំបំផុតចំពោះ TikTok ចាប់តាំងពីរដ្ឋបាលលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មក។

សេចក្ដីស្នើច្បាប់នេះបានអនុម័តក្នុងសំឡេងគាំទ្រ ៣៥២ ទល់នឹងការប្រឆាំង ៦៥ សំឡេងនៅក្នុងការបោះឆ្នោតទ្វេបក្ស ប៉ុន្តែសំណើនេះប្រឈមមុខនឹងផ្លូវមិនច្បាស់លាស់នៅក្នុងព្រឹទ្ធសភា ដែលអ្នកខ្លះគាំទ្រវិធីសាស្រ្តផ្សេងទៀតចំពោះចំណាត់ការលើកម្មវិធីដែលគ្រប់គ្រងដោយបរទេស និងបានបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពនេះ។

ជោគវាសនារបស់ TikTok ដែលប្រើប្រាស់ដោយជនជាតិអាមេរិកប្រហែល ១៧០ លាននាក់ បានក្លាយជាបញ្ហាចម្បងនៅក្នុងទីក្រុងវ៉ាស៊ីនតោន។ សមាជិកសភាបាននិយាយថាការិយាល័យរបស់ពួកគេបានទទួលការហៅទូរស័ព្ទយ៉ាងច្រើនពីអ្នកប្រើប្រាស់ TikTok វ័យជំទង់ ដែលប្រឆាំងនឹងច្បាប់នេះ។
វិធានការនេះ គឺជាជំហានចុងក្រោយបង្អស់នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីឆ្លើយតបនឹងកង្វល់សន្តិសុខជាតិរបស់អាមេរិកចំពោះប្រទេសចិន។ ក្រសួងការបរទេសចិន បានរិះគន់ច្បាប់នេះកាលពីថ្ងៃអង្គារ ដោយលើកហេតុផលថា «ទោះបីជាសហរដ្ឋអាមេរិក មិនដែលបានរកឃើញភស្តុតាងណាមួយដែលថា TikTok គំរាមកំហែងដល់សន្តិសុខជាតិក៏ដោយ ក៏អាមេរិកមិនដែលឈប់ធ្វើទុកបុកម្នេញ TikTok នោះទេ»៕