ការិយាល័យរបស់មេដឹកនាំទីក្រុងម៉ានីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃពុធ (១៣ មីនា) ថាប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) នៅថ្ងៃទី១៩ ខែមីនា ដើម្បីដោះស្រាយកិច្ចសហប្រតិបត្តិការ និងបញ្ហាសន្តិសុខ។

ជំនួបនេះធ្វើឡើងបន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងហ្វីលីពីន និងចិន ជុំវិញជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង។ លោក ម៉ាកូស បានប្តេជ្ញាការពារការទាមទារដែនសមុទ្ររបស់ហ្វីលីពីន បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធដើម្បីសម្របសម្រួលការរៀបចំសម្រាប់ជម្លោះយោធានៅដែនសមុទ្រ។

សារព័ត៌មានជប៉ុន អាសាហ៊ី (Asahi) ក៏បានរាយការណ៍ដែរថា បណ្ដាមេដឹកនាំមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងហ្វីលីពីន កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅខែក្រោយនេះ។

សេចក្តីសម្រេចឆ្នាំ២០១៦ ដោយតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍នៅទីក្រុងឡាអេ បានរកឃើញថា ការទាមទារដ៏លើសលប់របស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់ទេ ប៉ុន្តែទីក្រុងប៉េកាំង បានច្រានចោលសេចក្តីសម្រេចនេះ ដោយអះអាងថាខ្លួនមាន «អធិបតេយ្យភាពដែលមិនអាចប្រកែកបាន» លើដែនទឹកភាគច្រើននៃសមុទ្រចិនខាងត្បូង៕