អាហ្វហ្គានីស្ថាន៖ មន្ត្រីនគរបាលម្នាក់បាននិយាយកាលពីថ្ងៃអង្គារថា គ្រាប់បែកមួយបានផ្ទុះនៅរដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និង ១១នាក់ផ្សេងទៀតរងរបួស។ ការវាយប្រហារនេះបានកើតឡើងនៅពេលរសៀលក្នុងតំបន់ Jadayi Maiwand នៃទីក្រុងនេះ។
គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវភ្លាមៗ ចំពោះការវាយប្រហារនៅទីក្រុងកាប៊ុលទេ ប៉ុន្តែអ្នកនាំពាក្យនគរបាលក្រុងកាប៊ុល បានស្តីបន្ទោសពួកតាលីបង់ចំពោះការវាយប្រហារនេះ។ ថ្មីៗនេះការវាយប្រហារភាគច្រើននៅក្នុងទីក្រុងកាប៊ុល ត្រូវបានអះអាងដោយពួកសម្ព័ន្ធមិត្តរដ្ឋអ៊ីស្លាម ដែលកំពុងប្រតិបត្តិការនៅអាហ្វហ្គានីស្ថាន។ អ្នកនាំពាក្យនគរបាលរូបនេះបាននិយាយថា នគរបាលបានបើកការស៊ើបអង្កេត ចំពោះការវាយប្រហារនេះហើយ។ ក្នុងប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ពួកតាលីបង់បានបង្កើនការវាយប្រហាររបស់ពួកគេ ប្រឆាំងនឹងស្រុកសំខាន់ និងបានកាន់កាប់ស្រុកយុទ្ធសាស្ត្រជាច្រើន ជាពិសេសនៅតាមព្រំដែនជាមួយអ៊ីរ៉ង់ អូបេគីស្ថាន និងតាហ្ស៊ីគីស្ថាន៕
អត្ថបទ៖ សុខមាន