រដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃពុធថា ការបញ្ជូននាវាជំនួយពីប្រទេសកោះស៊ីបទៅកាន់ទឹកដីដែលត្រូវបានឡោមព័ទ្ធ គឺជាការឆ្លើយតបមិនគ្រប់គ្រាន់ចំពោះតម្រូវការរបស់ប្រជាជន ២,៤លាននាក់របស់ខ្លួន។

លោក Salama Marouf អ្នកនាំពាក្យការិយាល័យសារព័ត៌មានរដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យោងតាមអ្វីដែលបានប្រកាស ទំនិញដឹកតាមនាវា មិនលើសពីរថយន្តដឹកទំនិញមួយ ឬពីរទេ ហើយវានឹងចំណាយពេលជាច្រើនថ្ងៃ ដើម្បីមកដល់»។

លោកបានបញ្ជាក់ថា សំណួរទាក់ទងនឹងភ័ស្តុភារមួយចំនួនអំពីប្រតិបត្តិការ មិនមានចម្លើយទេ ហើយបានលើកឡើងពីការព្រួយបារម្ភអំពីការត្រួតពិនិត្យរបស់អ៊ីស្រាអែល។
លោក Marouf បានបន្តថា៖«វានៅមិនទាន់ដឹងថា នាវានឹងចូលចតនៅទីណា និងរបៀបដែលវានឹងទៅដល់ច្រាំងនៃតំបន់ហ្កាហ្សា»។
«លើសពីនេះទៅទៀតនោះ នាវានឹងត្រូវត្រួតពិនិត្យដោយកងទ័ពអ៊ីស្រាអែលដែលកំពុងកាន់កាប់។
អតីតនាវាសង្គ្រោះដែលគ្រប់គ្រងដោយអង្គការសប្បុរសធម៌អេស្ប៉ាញ Open Arms បានចេញដំណើរពីប្រទេសកោះស៊ីបកាលពីព្រឹកថ្ងៃអង្គារ ដោយផ្ទុកជំនួយចំនួន២០០តោន នៅក្នុងដំណើរការសាកល្បងសម្រាប់ច្រករបៀងសមុទ្រ។
កាលពីថ្ងៃពុធ នាវាមិនទាន់បានបញ្ចប់ការឆ្លងកាត់ជិត ៤០០គីឡូម៉ែត្រ (២៥០ម៉ាយ)នៃសមុទ្រមេឌីទែរ៉ាណេភាគខាងកើត ទៅកាន់តំបន់ហ្កាហ្សា ជាកន្លែងដែលអង្គការសប្បុរសធម៌អាមេរិក World Central Kitchen បាននិយាយថា ការងារកំពុងដំណើរការ ដើម្បីសាងសង់ផែចតបណ្តោះអាសន្ន។