ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការបង្ហាញផ្នែកយោធា ដែលពាក់ព័ន្ធនឹងអង្គភាពរថក្រោះ។ ប្រទេសកូរ៉េខាងជើងបានបង្ហាញរថក្រោះប្រយុទ្ធថ្មី អំឡុងពេលសមយុទ្ធយោធា ស្របពេលមានសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

លោក គីម បានសម្តែងការពេញចិត្តជាខ្លាំង ដែលរថក្រោះប្រយុទ្ធដ៏សំខាន់ប្រភេទថ្មី បានបង្ហាញដោយជោគជ័យនូវឥទ្ធិពលដ៏ទាក់ទាញ នៅក្នុងការបង្ហាញលើកដំបូង ជាអ្វីដែលប្រព័ន្ធផ្សព្វផ្សាយ KCNA ពិពណ៌នាថាជា «ការប្រកួតហ្វឹកហាត់»។ ប្រព័ន្ធផ្សព្វផ្សាយ KCNA បានរាយការណ៍ថា ព្រឹត្តិការណ៍យោធានេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យយ៉ាងហ្មត់ចត់ នូវសមត្ថភាពប្រយុទ្ធជាក់ស្តែងរបស់ក្រុមសមាជិករថក្រោះ និងធ្វើឱ្យពួកគេស៊ាំទៅនឹងវិធីសាស្ត្រប្រយុទ្ធក្នុងបេសកកម្មតាកទិកផ្សេងៗគ្នា។

សេចក្តីរាយការណ៍បាននិយាយថា ការបង្កើតមធ្យោបាយយ៉ាងឆាប់រហ័សរបស់ពួកគេ ឆ្លងកាត់កាលៈទេសៈប្រយុទ្ធដ៏តានតឹងបំផុត រថក្រោះធុនធ្ងន់វាយប្រហារគោលដៅភ្លាមៗ និងបានបំបែកខ្សែការពារដ៏រឹងមាំជាមួយនឹងភាពបត់បែនខ្ពស់ ។
លោក Kim បានបញ្ជាក់អំពីតម្រូវការក្នុងការរៀបចំសមយុទ្ធ ក្លែងប្រដូចធ្វើជាសង្រ្គាមពិត និងការប្រកួតហ្វឹកហ្វឺនជាក់ស្តែង ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធ ដែលអាចអនុវត្តបេសកកម្មប្រយុទ្ធបានភ្លាមៗ និងច្បាស់លាស់ក្នុងកាលៈទេសៈណាមួយ។
ការបង្ហាញខ្លួនរបស់លោក Kim នៅក្នុងការបង្ហាញផ្នែកយោធាបានធ្វើឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីលោក បានដឹកនាំសមយុទ្ធបាញ់កាំភ្លើងធំធ្វើឡើងដោយកងទ័ពប្រជាជនកូរ៉េ ជាកងកម្លាំងយោធារបស់ប្រទេស កាលពីសប្តាហ៍មុន។