នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ។ ពិធីនេះមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ព្រមទាំងភ្ញៀវកិត្តិយស សរុបចំនួន ៧៦០រូប។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានថ្លែងរបាយការណ៍ស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. ដែលបានប្រពឹត្តទៅរយៈពេល១ថ្ងៃកន្លះមកនេះ ដោយអង្គប្រជុំសម្រេចលទ្ធផលផ្លែផ្កាគួរជាទីមោទកៈ ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានរំលឹកពីគំរូវីរភាពរបស់ប្រធានទី១ របស់ ស.ស.យ.ក. គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជំនាន់មុន ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្មារតី បញ្ញា ពូនជ្រុំចលនាយុវជន រួមគ្នាដើម្បីនាំមកនូវសុខសន្តិភាព ស្ថេរភាព ជូនប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានបានបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលពោរពេញដោយសមត្ថភាព និងជាអ្នកបន្តវេនក្នុងការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព ស្ថិរភាពផងដែរ។

ក្នុងនាមជាប្រធាន ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី បានប្ដេជ្ញា នឹងបន្តគាំទ្រនូវគោលនយោបាយដែលដាក់ចេញដោយរាជរដ្ឋាភិបាល បន្តជំរុញ និងគាំទ្រសមាជិក សមាជិកាគ្រប់រូបឱ្យចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ប្រកាន់នូវសាមគ្គីភាព ស្មារតីស្ម័គ្រចិត្ត និងបេ្តជ្ញាក្នុងការការពារសមិទ្ធផលនានា ដែលបានមកពីការពលីរបស់ថ្នាក់ដឹកនាំជំនាន់មុន និងបន្តកសាងសមិទ្ធផលថ្មីៗ ដើម្បីចូលរួមចំណែកជំរុញវឌ្ឍនភាពសង្គមជាតិកម្ពុជា៕

