សកជនពិសេសសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានជំរុញឲ្យប្រទេសប៉ាណាម៉ាបញ្ឈប់នាវាអ៊ីរ៉ង់ពីការដាក់ទង់ជាតិរបស់ខ្លួន ដែលអនុញ្ញាតឲ្យក្រុងតេអេរ៉ង់គេចចេញពីទណ្ឌកម្មរបស់ទីក្រុងវ៉ាស៊ីនតោន។
ប្រទេសតូចមួយនៅអាមេរិកកណ្តាល គឺជាប្រទេសនាំមុខគេក្នុងពិភពលោកក្នុងការផ្តល់ជូននូវទង់សម្រួលដល់ការធ្វើអាជីវកម្ម ដែលអនុញ្ញាតឲ្យក្រុមហ៊ុនដឹកជញ្ជូន អាចចុះបញ្ជីនាវារបស់ពួកគេ នៅក្នុងប្រទេសដែលពួកគេមិនមានតំណភ្ជាប់សម្រាប់ថ្លៃសេវា និងរួចផុតពីការត្រួតពិនិត្យ។

លោក Abram Paley ប្រេសិតពិសេសរងរបស់សហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីរ៉ង់ បាននិយាយថា៖«អ៊ីរ៉ង់ និងតួអង្គពាក់ព័ន្ធជាមួយអ៊ីរ៉ង់ កំពុងព្យាយាមគេចចេញពីការដាក់ទណ្ឌកម្មនៅទីនេះ នៅក្នុងប្រទេសប៉ាណាម៉ា។ ពួកគេកំពុងព្យាយាមបំពានលើការចុះបញ្ជីទង់ជាតិរបស់ប៉ាណាម៉ា»។

លោក Paley កំពុងធ្វើទស្សនកិច្ចប្រទេសនេះ ដើម្បីធានាថា ការចុះបញ្ជីដឹកជញ្ជូន និងយុត្តាធិការរបស់ប៉ាណាម៉ា មិនត្រូវបានរំលោភបំពានដោយអង្គភាពដែលប៉ុនប៉ងគេចចេញពីការដាក់ទណ្ឌកម្មរបស់យើងលើអ៊ីរ៉ង់»។
យោងតាមអាជ្ញាធរដែនសមុទ្រប៉ាណាម៉ា ប្រទេសនេះ បានចុះបញ្ជីនាវាចំនួន ៨,៥៤០ គ្រឿងដែលប្រហែល ១៦ភាគរយនៃកងនាវាពិភពលោក។
ទីក្រុងវ៉ាស៊ីនតោនសង្ស័យថា នាវាខ្លះ ត្រូវបានអ៊ីរ៉ង់ប្រើប្រាស់ ដើម្បីដឹកជញ្ជូនប្រេង ឬផលិតផលផ្សេងៗរបស់ខ្លួន ដើម្បីគេចពីទណ្ឌកម្ម។
អ៊ីរ៉ង់បានស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ចាប់តាំងពីការដកខ្លួនរបស់ក្រុងវ៉ាស៊ីនតោនឆ្នាំ ២០១៨ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់នោះ។