បាល់ទាត់៖ ខ្សែប្រយុទ្ធបារាំង Olivier Giroud ខិតជិតដល់កិច្ចព្រមព្រៀងហើយក្នុងការផ្ទេរពីក្លិប Chelsea ទៅកាន់ AC Milan។ កីឡាករវ័យ ៣៤ឆ្នាំ និងនៅតែជាប់ជំរើសជាតិបារាំងរូបនេះត្រូវបានគេដឹងថានឹងចុះហត្ថលេខា ២ឆ្នាំលេងឱ្យ AC Milan នៅក្នុងសប្តាហ៍នេះ។

Olivier Giroud ដែលបានមកដល់ Chelsea ពីកាំភ្លើងធំ Arsenal កាលពីខែមករា ឆ្នាំ២០១៨ ក្នុងតំលៃ ១៨លានផោននោះទើបតែបន្តកិច្ចសន្យាថ្មីជាមួយ Chelsea កាលពីខែមុន មានន័យថា Giroud នឹងចាកចេញទៅ AC Milan ជាមួយនឹងតំលៃផ្ទេរដែលមិនទាន់បានបង្ហាញ។ Olivier Giroud បង្ហាញខ្លួនឱ្យ Chelsea សរុបបាន ១១៩លើករកបាន ៣៩គ្រាប់ ក្នុងនោះមាន ១១គ្រាប់ក្នុងការបង្ហាញខ្លួនរដូវកាល ៣១លើកជួយ Chelsea លើកពាន UEFA Champions League។
ម្ចាស់ជ័យលាភី World Cup ជាមួយក្រុមបារាំងកាលពីឆ្នាំ២០១៨ រូបនេះធ្លាប់ឈ្នះជើងឯក FA Cup ៣លើកជាមួយ Arsenal និងជាសមាជិករបស់ក្រុមបារាំងផងដែរនៅ Euro ២០២០ កន្លងទៅនេះតែបារាំងធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយដោយចាញ់ស្វ៊ីសបាល់ ១១ម៉ែត្រកាត់សេចក្តី៕
អត្ថបទ៖នាង សុភាវុធ