ក្រុមមន្ត្រីអាមេរិក កំពុងរៀបចំឱ្យការផ្អាកបណ្ដោះអាសន្នក្នុងការផ្តល់មូលនិធិដល់ទីភ្នាក់ងារសំខាន់របស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន (UNRWA) ក្លាយជាការផ្អាកជាអចិន្ត្រៃយ៍ដោយសារតែការប្រឆាំងនៅក្នុងសភា ទោះបីជារដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ទទូចថាការងារមនុស្សធម៌របស់ក្រុមជំនួយនេះគឺមិនអាចខ្វះបានក៏ដោយ។

សហរដ្ឋអាមេរិក ដែលជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ UNRWA ដែលផ្តល់ប្រាក់ពី ៣០០ លានដុល្លារទៅ ៤០០ លានដុល្លារជារៀងរាល់ឆ្នាំ រួមជាមួយនឹងប្រទេសជាច្រើនទៀត បានផ្អាកការផ្តល់មូលនិធិរបស់ខ្លួនដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) កាលពីខែមករា បន្ទាប់ពីអ៊ីស្រាអែល បានចោទប្រកាន់បុគ្គលិកចំនួន ១២ នាក់ក្នុងចំណោមបុគ្គលិក ១៣.០០០ នាក់នៅហ្កាហ្សា ថាបានចូលរួមក្នុងការសម្លាប់មនុស្សថ្ងៃទី០៧ ខែតុលា ក្នុងការវាយប្រហាររបស់ក្រុមហាម៉ាស។

អង្គការសហប្រជាជាតិបានចាប់ផ្តើមការស៊ើបអង្កេតលើការចោទប្រកាន់នេះ ហើយទីភ្នាក់ងារ UNRWA បានបណ្តេញបុគ្គលិកមួយចំនួន បន្ទាប់ពីអ៊ីស្រាអែលបានផ្តល់ព័ត៌មានអំពីការចោទប្រកាន់នេះ។
ការប្រឆាំងទ្វេបក្សនៅសភាក្នុងការផ្តល់មូលនិធិដល់ UNRWA ឡើងវិញ បង្ហាញថាសហរដ្ឋអាមេរិក ទំនងជាមិនបន្តការបរិច្ចាកទៀងទាត់គ្រប់ពេលវេលានោះទេ ទោះបីជាបណ្ដាប្រទេស ដូចជាស៊ុយអែត និងកាណាដា បាននិយាយថាពួកគេនឹងចាប់ផ្តើមការបរិច្ចាគរបស់ពួកគេឡើងវិញក៏ដោយ៕