យោងតាមសារព័ត៌មាន UDN និងមន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់ បាននិយាយថា អាជ្ញាធរកោះតៃវ៉ាន់ និងចិនបានបញ្ជូនក្រុមទៅចូលរួមបេសកកម្មជួយសង្គ្រោះទូកដែលបានលិច នៅជិតកោះ ឃីនមិន (Kinmen) ដែលគ្រប់គ្រងដោយតៃវ៉ាន់ នៅព្រឹកថ្ងៃព្រហស្បតិ៍ (១៤ មីនា) នេះ។

អាជ្ញាធរនៃភាគីទាំងសងខាងបានបញ្ជូនទូកជួយសង្គ្រោះទៅកាន់តំបន់នោះ បន្ទាប់ពីទូកនេសាទចិនមួយគ្រឿងបានលិច ហើយមនុស្សម្នាក់ត្រូវបានជួយសង្គ្រោះដោយអាជ្ញាធរចិន ខណៈមនុស្សបួននាក់ទៀតនៅតែត្រូវការជំនួយ។

ឧបទ្ទវហេតុនេះបានកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅជិតកោះ ឃីនមិន ជួរមុខរបស់កោះតៃវ៉ាន់។ ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន កាលពីខែមុនបានចាប់ផ្តើមល្បាតជាប្រចាំនៅជុំវិញកោះ ឃីនមិន ដែលនៅជិតឆ្នេរសមុទ្ររបស់ប្រទេសចិន បន្ទាប់ពីជនជាតិចិនពីរនាក់បានស្លាប់ ខណៈព្យាយាមរត់គេចពីឆ្មាំល្បាតឆ្នេរតៃវ៉ាន់ ដោយសារទូករបស់ពួកគេបានចូលទៅក្នុងដែនទឹកហាមឃាត់។
ស្ថាប័នបង្កើតគោលនយោបាយចិន របស់កោះតៃវ៉ាន់ បានជំរុញប្រទេសចិន កាលពីសប្តាហ៍មុនកុំឱ្យផ្លាស់ប្តូរ «ស្ថានភាព» នៅជុំវិញដែនទឹកនៅទីនោះ ដោយការបញ្ជូនទូកឆ្មាំល្បាតឆ្នេរចូលទៅក្នុងតំបន់ហាមឃាត់ដោយនិយាយថាភាពតានតឹងគួរតែត្រូវបានគ្រប់គ្រង៕