នាយករដ្ឋមន្ត្រីដែលកំពុងចុះចេញពីតំណែងរបស់ប្រទេសហៃទី លោក អារីយ៉ែល ហុងរី (Ariel Henry) បាននិយាយថា រដ្ឋធម្មនុញ្ញរបស់ហៃទី ចែងថាមានតែលោក និងគណៈរដ្ឋមន្ត្រីរបស់លោកប៉ុណ្ណោះ ដែលអាចតែងតាំងក្រុមប្រឹក្សាអន្តរកាលសម្រាប់ការផ្លាស់ប្តូរអំណាចបាន នេះបើយោងតាមការិយាល័យរបស់លោក ហុងរី បានប្រាប់សារព័ត៌មាន CNN ផ្តាច់មុខកាលពីថ្ងៃពុធ (១៣ មីនា)។

បន្ទាប់ពីកិច្ចប្រជុំនៃមេដឹកនាំតំបន់ការ៉ាអ៊ីបកាលពីថ្ងៃចន្ទ លោក ហុងរី បានយល់ព្រមចាកចេញពីអំណាចនៅពេលដែលក្រុមប្រឹក្សាអន្តរកាលមួយត្រូវបានបង្កើតឡើងដើម្បីចាក់គ្រឹះសម្រាប់ការបោះឆ្នោតនាពេលខាងមុខ បន្ទាប់ពីមានអំពើហិង្សាជាច្រើនសប្តាហ៍នៅក្នុងប្រទេសហៃទី ដែលបង្កឱ្យសណ្តាប់ធ្នាប់សង្គមបានដួលរលំ។

ប៉ុន្តែការិយាល័យរបស់លោក ហុងរី បាននិយាយថា មាត្រា ១៤៩ នៃរដ្ឋធម្មនុញ្ញហៃទី ចែងថានៅពេលដែលប្រធានាធិបតីមិនមានវត្តមាន មានតែគណៈរដ្ឋមន្ត្រីទេដែលមានអំណាចដើម្បីធ្វើការសម្រេចចិត្ត ពោលគឺមានតែលោក និងគណៈរដ្ឋមន្ត្រីរបស់លោកប៉ុណ្ណោះដែលអាចតែងតាំងក្រុមប្រឹក្សាអន្តរកាលបាន ហើយនឹងមិន «ប្រគល់ប្រទេស« ទៅកាន់មេដឹកនាំថ្មីដោយមិនអនុវត្តតាមនីតិវិធីរដ្ឋធម្មនុញ្ញនោះទេ។

លោក ហុងរី បានឡើងកាន់អំណាចដោយមិនជាប់ឆ្នោតនៅឆ្នាំ២០២១ បន្ទាប់ពីការធ្វើឃាតលោកអតីតប្រធានាធិបតី ហ៊្សូវ៉េនែល ម៉យស៍ (Jovenel Moise)។ តំណែងនាយករដ្ឋមន្ត្រីរបស់លោកត្រូវបានបំផ្លាញដោយកំណើនអំពើហិង្សាក្រុមជនអន្ធពាលជាច្រើនខែ ដែលកាន់តែខ្លាំងក្លាឡើង បន្ទាប់ពីលោក ហុងរី មិនបានរៀបចំការបោះឆ្នោតកាលពីខែមុន ដោយនិយាយថា អសន្តិសុខរបស់ប្រទេសនឹងធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោត៕