អាជ្ញាធរ បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ១៤ ខែមីនា នេះថា បុរសអាយុ ៣៧ឆ្នាំម្នាក់ បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងរ បន្ទាប់ពីផ្ទាំងថ្មបានបាក់នៅខាងក្នុងអណ្តូងរ៉ែមាសក្រោមដីក្នុងរដ្ឋ វីកតូរីយ៉ា(Victoria) ប្រទេសអូស្ត្រាលី ខណៈកម្មករ២៨នាក់ ផ្សេងទៀតនៅកន្លែងធ្វើការនោះ ត្រូវបានជួយសង្គ្រោះ។

ក្រុមបុគ្គលិកសង្គ្រោះបន្ទាន់ ត្រូវបានគេទូរស័ព្ទហៅទៅកាន់អណ្តូងរ៉ែមាស Ballarat នៅតំបន់ Mount Clear មានចម្ងាយប្រមាណ ១០០ គីឡូម៉ែត្រ ភាគខាងលិចទីក្រុងមែលប៊ន កាលពីថ្ងៃពុធ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីការបាក់ផ្ទាំងថ្ម។
នគរបាលរដ្ឋ Victoria បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ឧបទ្ទវហេតុនេះ បានកើតឡើងក្នុងចម្ងាយប្រហែល ៣ គីឡូម៉ែត្រ ពីច្រកចូលអណ្តូងរ៉ែក្រោមដី ហើយកម្មករអណ្តូងរ៉ែ ដែលបានស្វែងរកទីជ្រកកោននៅក្នុងទីសុវត្ថិភាព ត្រូវបាន ជួយលើក ឲ្យរួចផុតពីគ្រោះថ្នាក់។
មន្ត្រីសហជីពកម្មកររដ្ឋ Victoria ប្រទេសអូស្ត្រាលី លោក រ៉ុននី ហាយដេន(Ronnie Hayden) បានប្រាប់អ្នកសារព័ត៌មានថា សមាជិកសហជីពនៅអណ្តូងរ៉ែ បានបង្កើនការព្រួយបារម្ភ អំពីបែបផែននៃការរុករករ៉ែ ហើយហាក់ដូចជា វាមិនត្រូវបានគេអើពើ។
យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអូស្ត្រាលី បានឲ្យដឹងថា កាលពីក្នុងឆ្នាំ ២០០៧ កម្មករអណ្តូងរ៉ែ ២៧ នាក់ បានជាប់នៅក្រោមដីនៅអណ្តូងរ៉ែដដែលនេះ រយៈពេលជាច្រើនម៉ោង មុនពេលត្រូវបានជួយសង្គ្រោះ។