នគរបាលប្រទេសប៉េរូ រាប់រយនាក់បានឆ្មក់ចូលទីតាំងរាប់សិបកន្លែងនៅទូទាំងប្រទេស កាលពីថ្ងៃពុធ ទី១៣ ខែមីនា ដោយចាប់ខ្លួនមនុស្ស ១៨ នាក់ ជាផ្នែកមួយនៃការស៊ើបអង្កេតលើការជួញដូរអាវុធខុសច្បាប់ និងការជាប់ពាក់ព័ន្ធក្នុងការសម្លាប់បេក្ខជនប្រធានាធិបតីប្រទេសអេក្វាឌ័រ កាលពីឆ្នាំមុន។

លោក ចច ឆាវ៉េស (Jorge Chavez) ប្រធានការិយាល័យរដ្ឋអាជ្ញាប្រទេសប៉េរូ ប្រឆាំងឧក្រិដ្ឋកម្មរៀបចំទុក បាននិយាយថា នៅក្នុងប្រតិបត្តិការធំ មន្ត្រីប្រហែល ៧០០នាក់ បានវាយឆ្មក់ចូលលំនៅឋាន និងការិយាល័យច្រើនកន្លែង ក្នុងសង្កាត់ចំនួន ៤ ក្នុងរដ្ឋធានី Lima និងក្នុងតំបន់ ទូមបេស(Tumbes) តំបន់ កាចាម៉ាកា(Cajamarca)និងតំបន់ព្យួរ៉ា(Piura)ជាប់ព្រំដែនប្រទេសប៉េរូ ជាមួយប្រទេសអេក្វាឌ័រ។

អាជ្ញាធរបាននិយាយថា ប្រតិបត្តិការនេះ បានកំណត់គោលដៅលើក្រុមហ៊ុនជាច្រើន ដែលតាមការចោទប្រកាន់ថាបាននាំចូលអាវុធ ភាគច្រើនមកពីសហរដ្ឋអាមេរិក និងប្រទេសទួរគី ហើយក្រោយមកបានបង់ប្រាក់ឱ្យបុគ្គលដែលមានប្រាក់ចំណូលទាបដើម្បីទទួលបានអាជ្ញាប័ណ្ណ និងទិញកាំភ្លើង។
លោក Chavez និយាយថា អាវុធ នៅទីបំផុតបានធ្លាក់ទៅក្នុងដៃក្រុមជនអន្ធពាលឧក្រិដ្ឋកម្ម រួមទាំងអ្នកដែលទទួលខុសត្រូវចំពោះការសម្លាប់បេក្ខជនប្រធានាធិបតីប្រទេសអេក្វាឌ័រ លោក ហ្វឺណង់ដូ វីឡាវីសេនស៊ីញ៉ូ(Fernando Villavicencio)។
លោក វីឡាវីសេនស៊ីញ៉ូ (Villavicencio) ជាអ្នករិះគន់ឥតសំចៃអំពី អំពើពុករលួយ និងឧក្រិដ្ឋកម្មរៀបចំទុក ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីខែសីហា បន្ទាប់ពីការប្រមូលផ្តុំយុទ្ធនាការឃោសនាបោះឆ្នោតក្នុងទីក្រុង Quito ត្រឹមតែ១១ថ្ងៃ មុនការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេស។