យោធាអ៊ីស្រាអែលនិយាយថា ខ្លួនកំពុងព្យាយាមឲ្យមានការដឹកជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា ខណៈសម្ពាធអន្តជាតិកាន់តែធ្ងរឲ្យដោះស្រាយវិបត្តិមនុស្សធម៌ដែលកាន់តែធ្ងន់ធ្ងរនៅក្នុងដែនដីមួយនេះ។

លោកឧត្ដមនាវី ដានីញែល ហាការី (Daniel Hagari) បាននិយាយថា អ៊ីស្រាអែលនឹងសម្របសម្រួលក្បួនរថយន្តដឹកជំនួយបន្ថែមទៀត បន្ទាប់ពីផ្លូវដីថ្មីមួយបានបើកដើម្បីដឹកជញ្ជួនជំនួយស្បៀងអាហារចូលទៅក្នុងតំបន់ហ្កាហ្សាភាគខាងជើង។

អង្គការសហប្រជាជាតិបានព្រមានថា តំបន់ហ្កាហ្សា ដែលកំពុងរងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីសង្រ្គាមជាមួយក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ កំពុងធ្លាក់ចូលក្នុងហានីភ័យគ្រោះទុរ្ភក្ស។
ចំណែកទីក្រុងព្រុចសែល វិញ បាននិយាយថា ភាពអត់ឃ្លានកំពុងត្រូវគេប្រើប្រាស់ជាអាវុធសង្រ្គាមនៅក្នុងដែនដីមួយនេះ។ ប្រធានគោលនយោបាយសហភាពអឺរ៉ុបលោក Josep Borrell បាននិយាយថា កាលពីដំបូងឡើយ ផ្លូវដីនានា ត្រូវបានបិទមិនឲ្យមានការដឹកជញ្ជូនជំនួយចូល។

អង្គការសហប្រជាជាតិបាននិយាយថា ការប្រយុទ្ធគ្នា និងការទម្លាក់គ្រាប់បែកនៅតែបន្ត ព្រមទាំងការបិទព្រំដែន និង អសុវត្ថិភាព បានបង្កការលំបាកដល់ប្រតិបត្តិការដឹកជំនួយ។
កាលពីថ្ងៃពុធ អ្នកនាំពាក្យរបស់កងកម្លាំងការពារអ៊ីស្រាអែលលោក Hagari លើកឡើងថា នឹងផ្លូវមួយចំនួនទៀតអាចនឹងបើក យើងកំពុងជួយសម្របសម្រួលតំបន់នេះ ជាមួយនឹងជំនួយមនុស្សធម៌។
អ្នកនាំពាក្យរូបនេះបានប្រកាសកាលពីថ្មីៗនេះថា រថយន្តដឹកជំនួយចំនួន៦គ្រឿង បានចូលតាមច្រកទី៩៦ ក្នុងរបងព្រំដែនតំបន់ហ្កាហ្សា ជិតតំបន់គីបបាស បេអ៊ីរី (Kibbutz Be'eri) ក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង ៕