នគរបាលក្នុងរដ្ឋធានីឥណ្ឌា បានដាក់របាំង បង្កើនសន្តិសុខ និងព្រមានពីការកកស្ទះចរាចរណ៍នៅថ្ងៃព្រហស្បតិ៍ (១៤ មីនា) នេះ ខណៈដែលកសិករតវ៉ារាប់ពាន់នាក់ នឹងមកជួបជុំគ្នាដើម្បីគាំទ្រការទាមទាររបស់ខ្លួនសម្រាប់ការដំឡើងតម្លៃកសិផល។

កសិកររាប់ពាន់នាក់ បានចាប់ផ្តើមការដង្ហែក្បួនដែលមានឈ្មោះថា «នាំគ្នាទៅក្រុង ដេលី» កាលពីខែមុន ដើម្បីទាមទារតម្លៃធានាខ្ពស់សម្រាប់ដំណាំរបស់ពួកគេ ប៉ុន្តែត្រូវបានបញ្ឈប់ដោយនគរបាលប្រដាប់ដោយឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក នៅចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានី ជាទីដែលពួកគេនៅតែបោះជំរំស្នាក់នៅតាំងពីពេលនោះមក។

ក្រុមបាតុករ ដែលភាគច្រើនមកពីរដ្ឋភាគខាងជើង ផុនចាប (Punjab) បានជំរុញឱ្យកសិករទូទាំងប្រទេសប្រមូលផ្ដុំនៅទីធ្លាដ៏ធំសម្រាប់ប្រារព្ធពិធីបុណ្យ រ៉ាមលីឡា ដៃដាន (Ramlila Maidan) របស់ទីក្រុង ដេលី នៅថ្ងៃព្រហស្បតិ៍ ដើម្បីបង្កើនយុទ្ធនាការរបស់ពួកគេ ប៉ុន្មានថ្ងៃមុនពេលការបោះឆ្នោតសកល។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នគរបាលបានអនុញ្ញាតឱ្យកសិករចំនួន ៥.០០០ នាក់ប្រមូលផ្តុំគ្នានៅទីធ្លានោះ ប៉ុន្តែក្រុមមេដឹកនាំកសិករបាននិយាយថា ពួកគេមិនអាចសន្យាថានឹងប្រកាន់ខ្ជាប់នូវដែនកំណត់នោះទេ៕