នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក ផេតធើរី អ័រផូ (Petteri Orpo) បាននិយាយកាលពីថ្ងៃពុធ (១៣ មីនា) ថាប្រទេសរុស្ស៊ី កំពុងត្រៀមលក្ខណៈសម្រាប់ «ជម្លោះដ៏យូរអង្វែងជាមួយលោកខាងលិច» ហើយលោកបានស្នើសុំការចំណាយ និងការសម្របសម្រួលបន្ថែមទៀតលើការការពារអឺរ៉ុប។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងសុន្ទរកថាដែលបានចេញផ្សាយកាលពីថ្ងៃពុធថា ការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតទៅក្នុងអង្គការណាតូ គឺជា «ជំហានគ្មានន័យ» ហើយថា រុស្ស៊ីនឹងដាក់ពង្រាយកងទ័ព និងប្រព័ន្ធបំផ្លិចបំផ្លាញទៅកាន់ព្រំដែនហ្វាំងឡង់ បន្ទាប់ពីហ្វាំងឡង់ចូលរួមសម្ព័ន្ធយោធា។

លោក អ័រផូ ដែលជានាយករដ្ឋមន្រ្តីរបស់ប្រទេសជិតខាងរបស់រុស្ស៊ី បានជំរុញសហភាពអឺរ៉ុប ដែលមានសមាជិកចំនួន ២៧ ប្រទេស ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ ហើយបាននិយាយថា ប្លុកនេះត្រូវតែថែរក្សាការការពាររបស់ខ្លួន។

លោក ពូទីន ក៏បានព្រមានលោកខាងលិចផងដែរកាលពីថ្ងៃពុធ ថាប្រទេសរុស្ស៊ី បានត្រៀមខ្លួនជាស្រេចតាមបច្ចេកទេសសម្រាប់សង្គ្រាមនុយក្លេអ៊ែរ ហើយថាប្រសិនបើសហរដ្ឋអាមេរិក បញ្ជូនទាហានទៅអ៊ុយក្រែន នោះវានឹងត្រូវបានចាត់ទុកថាជាការកើនឡើងគួរឱ្យកត់សម្គាល់នៃជម្លោះ៕