ក្រសួងការបរទេសទួរគី បាននិយាយកាលពីថ្ងៃពុធថា មន្ត្រីជាន់ខ្ពស់នៃប្រទេសទួរគី និងអ៊ីរ៉ាក់ នឹងជួបប្រជុំគ្នានៅទីក្រុងបាកដាដ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការថាមពល ក៏ដូចជាបញ្ហាសន្តិសុខ និងការពារជាតិ។

ទំនាក់ទំនងរវាងប្រទេសជិតខាងមានភាពរង្គោះរង្គើក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលទីក្រុងអង់ការ៉ា បានបង្កើនប្រតិបត្តិការឆ្លងព្រំដែនប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៃគណបក្សពលករឃើដ(PKK)ដែលមានមូលដ្ឋាន នៅតំបន់ភ្នំភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។ អ៊ីរ៉ាក់បាននិយាយថា ប្រតិបត្តិការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន ប៉ុន្តែទីក្រុងអង់ការ៉ា បញ្ជាក់ថា ខ្លួនត្រូវតែការពារខ្លួន និងបានព្រមានអំពីការលុកលុយថ្មី។

ប្រទេសទាំងពីរ ក៏មានជម្លោះផងដែរចំពោះការបន្តការនាំចេញប្រេងពីបំពង់បង្ហូរប្រេងឆៅ ដែលរត់ពីប្រទេសអ៊ីរ៉ាក់ឆ្លងកាត់ប្រទេសទួរគី ដែលទីក្រុងអង់ការ៉ានិយាយថា ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើប្រតិបត្តិការ ប៉ុន្តែទីក្រុងបាកដាដ មិនទាន់បានដំណើរការឡើងវិញនៅឡើយ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងអង់ការ៉ា អ្នកនាំពាក្យក្រសួងលោក Oncu Keceli បាននិយាយថា រដ្ឋមន្ត្រីការបរទេស លោក Hakan Fidan រដ្ឋមន្ត្រីការពារជាតិលោក Yasar Guler និង លោក Ibrahim Kalin ប្រធានទីភ្នាក់ងារចារកម្មMITរបស់ប្រទេសទួរគី នឹងជួបពិភាក្សាជាមួយសមភាគីរបស់ពួកគេ នៅទីក្រុងបាកដាដ ក្នុង «កិច្ចប្រជុំកំពូលសន្តិសុខ» ។
លោក Keceli បាននិយាយថា៖«ការបង្កើនការយល់ដឹងរួមក្នុងការប្រឆាំងភេរវកម្ម និងជំហានជាក់ស្តែងដែលអាចអនុវត្តបានក្នុងន័យនេះ នឹងត្រូវលើកយកមកពិភាក្សា។ គណបក្សពលករឃើដ (PKK) ត្រូវបានកំណត់ថា ជាការគំរាមកំហែងសន្តិសុខទូទៅដោយអាជ្ញាធរអ៊ីរ៉ាក់ គឺជាសញ្ញាមួយបង្ហាញថា បំណងប្រាថ្នាចង់ប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធPKK ដែលកំពុងរីកចម្រើននៅក្នុងប្រទេសអ៊ីរ៉ាក់ ហើយយើងស្វាគមន៍ចំពោះរឿងនេះ»។