សមាជិកសភាអ៊ីស្រាអែលកាលពីថ្ងៃពុធ បានផ្តល់ការយល់ព្រមចុងក្រោយរបស់ពួកគេទៅលើវិសោធនកម្មថវិការដ្ឋឆ្នាំ ២០២៤ដែលបន្ថែមរាប់សិបពាន់លានសេកែល (shekels)ដើម្បីផ្តល់មូលនិធិដល់សង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សា ខណៈដែលជម្លោះបានឈានដល់ខែទី៦។

ថវិកាដែលបានធ្វើវិសោធនកម្មនេះ បន្ថែមការចំណាយថែមទៀតទៅលើវិស័យការពារជាតិ និងសំណងដល់គ្រួសារ និងអាជីវកម្មដែលរងគ្រោះដោយសង្រ្គាម ដែលត្រូវបានបង្កឡើងដោយការវាយប្រហារដ៏គួរឲ្យតក់ស្លុតរបស់ក្រុមហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា។

សមាជិកសភា បានបោះឆ្នោតគាំទ្រ ៦៣សំឡេងទល់នឹង៥៥ សំឡេងប្រឆាំង លើកញ្ចប់ចំណាយចំនួន ៥៨៤ពាន់លានសេកែល (១៦០ពាន់លានដុល្លារ) ឬ ៧២៤ពាន់លានដុល្លាររួមទាំងការសងបំណុល។ ផែនការនេះ ក៏រួមបញ្ចូលផងដែរនូវការបែងចែកកម្រិតខ្ពស់សម្រាប់សុខភាព ការអប់រំ សណ្តាប់ធ្នាប់ និងសុខុមាលភាព។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich បានថ្លែង បន្ទាប់ពីការបោះឆ្នោតថា «ថវិកាសង្រ្គាមដែលបានធ្វើវិសោធនកម្ម... មានគោលដៅច្បាស់លាស់ គឺដើម្បីឈ្នះសង្រ្គាម ឧបត្ថម្ភទាហានបម្រុង ពង្រឹង ផ្នែកជួរមុខ និងបន្តធ្វើឲ្យសេដ្ឋកិច្ចអ៊ីស្រាអែលរីកចម្រើន»។
ថវិកានេះ កំណត់ឱនភាព ៦,៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០២៤ ដែលត្រូវបានកែសម្រួលពីកម្រិតមុនសង្គ្រាម ២,២៥ភាគរយ។ ប៉ុន្តែនៅក្នុងខែកុម្ភៈ ឱនភាពបានកើនឡើងដល់៥,៦ភាគរយ ក្នុងរយៈពេល១២ខែមុនពី៤,៨ភាគរយក្នុងខែមករា។