ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃពុធថា តាមរយៈការសាងសង់ «ច្រករបៀងសន្តិសុខ» នៅតាមបណ្តោយព្រំដែនភាគខាងត្បូង ប្រទេសទួរគី កំពុងព័ទ្ធកំពែងខ្លួនឯង ដោយជោគជ័យ ពីសកម្មភាពភេរវកម្ម។

លោក Erdogan បាននិយាយថា យើងកំពុងរារាំងការឆាបឆេះទាំងស្រុង នៅជុំវិញយើងមិនឲ្យរាលដាល ដល់ប្រទេសរបស់យើងតាមរយៈច្រករបៀងសន្តិសុខដែលយើងបានចាប់ផ្តើមបង្កើតឡើងនៅតាមបណ្តោយព្រំដែនភាគខាងត្បូងរបស់យើង ដោយលោកបាននិយាយសំដៅទៅលើតំបន់សន្តិសុខក្នុងជម្រៅ ៣០ ទៅ៤០ គីឡូម៉ែត្រ ដែលប្រទេសទួរគី បានប្តេជ្ញាបង្កើតនៅតាមព្រំដែនរបស់ខ្លួន ជាមួយប្រទេស អ៊ីរ៉ាក់ និងប្រទេសស៊ីរី។

កងកម្លាំងទួរគី តែងតែធ្វើប្រតិបត្តិការឆ្លងកាត់ព្រំដែន ប្រឆាំងក្រុមអ្នកប្រយុទ្ធគណបក្សពលករឃឺត (PKK) ខុសច្បាប់ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងក្រុមអ្នកប្រយុទ្ធអង្គភាពការពារប្រជាជនឃឺតស៊ីរី (YPG) ដែលទីក្រុងអង់ការ៉ា ចាត់ទុកថាជា សាខារបស់ក្រុមគណបក្សពលករឃឺតស៊ីរី (PKK) នៅក្នុង ប្រទេសស៊ីរី។
តំបន់ការពារឆ្លងកាត់ព្រំដែន ត្រូវបានរៀបចំឡើងដោយប្រទេសទួរគី ក្នុងគោលបំណងប្រយុទ្ធប្រឆាំង ការគំរាមកំហែង នៃការផ្តាច់ខ្លួនរបស់ជនជាតិឃឺដ ពីប្រទេសទាំងពីរ។