ភ្នំពេញ ៖ សហភាពអឺរ៉ុប សម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១២ លានអឺរ៉ូ ត្រូវប្រមាណ ១៣ លានដុល្លារ គាំទ្រគម្រោងសាងសង់ រោងចក្រផលិតទឹកស្អាតបាក់ខែងដំណាក់កាលទី៣ ដើម្បីពង្រីកបណ្តាញទឹកស្អាត ទៅកាន់តំបន់ផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ ជាពិសេសការផ្តល់សេវាដល់ប្រជាជនក្រីក្រ និងកម្មករកម្មការនីជាដើម។
លោកស្រី ជូតា អេភីលឡៃនីន ស្នងការអឺរ៉ុបទទួលបន្ទុកភាពជាដៃគូអន្តរជាតិ នៅក្នុងការបំពេញទស្សនកិច្ច នៅរោងចក្រ ផលិតទឹកស្អាតបាក់ខែង នៅថ្ងៃទី ១៣ ខែ មីនា ឆ្នាំ២០២៤ នេះ លោកស្រី បានលើកសរសើរអំពីភាពដៃគូដ៏រឹងមាំ រវាងទីភ្នាក់ងារ អភិវឌ្ឍន៍បារាំង (AFD) ធនាគារវិនិយោគអឺរ៉ុប និងសហភាពអឺរ៉ុប ថាជាក្រុមការងារអឺរ៉ុបដ៏ខ្លាំងមួយ ជាពិសេសក្នុងវិស័យទឹកស្អាត ក្នុងនោះលោកស្រីក៏បានលើកឡើងអំពីសារៈសំខាន់ នៃការទទួលបានសេវាទឹកស្អាត នេះគឺជាសិទ្ធិមូលដ្ឋានដ៏សំខាន់ និងជាកត្តាដ៏ ចម្បងក្នុងការជួយដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅកម្ពុជា។
លោកស្រី លើកឡើងបន្តថា ចំពោះការអនុវត្តប្រកបដោយជោគជ័យ នៃគម្រោងទឹកស្អាតបាក់ខែងដំណាក់កាលទី១ និង ដំណាក់កាលទី២នេះ ក្នុងនោះសហភាពអឺរ៉ុបនឹងបន្តគាំទ្រកម្ពុជា ក្នុងការផលិតទឹកស្អាត និងប្រកបដោយសុវត្ថិភាព ទាំងនៅក្នុងរាជ ធានីភ្នំពេញ និងតំបន់ផ្សេងទៀត, ដោយតាមរយៈការបន្តកិច្ចសហប្រតិបត្តិការនេះ អឺរ៉ុបមានមោទនភាពក្នុងការប្រកាសសន្យាផ្តល់ ជំនួយឥតសំណងចំនួន ១៣ លានដុល្លាសហរដ្ឋអាមេរិក ត្រូវប្រមាណ ១២ លានអឺរ៉ូ ដើម្បីគាំទ្រដល់គម្រោងបាក់ខែង ដំណាក់កាល ទី៣ ដោយសហការគ្នារវាងសហការជាមួយដៃគូអឺរ៉ុប ដែលទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)។
ជុំវិញបញ្ហាទឹកស្អាតនេះ, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែង ថា រោងចក្រផលិតទឹកស្អាតបាក់ខែង គឺជាសក្ខីភាពមួយ នៃការប្ដេជ្ញាចិត្តក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ និងទាក់ទាញការវិនិយោគ និងជាកត្តាសំខាន់សម្រាប់ ការអភិវឌ្ឍរបស់កម្ពុជា ហើយតាមរយៈគម្រោងនេះ នឹងជំរុញការតភ្ជាប់បណ្តាញទឹកស្អាតប្រវែងជាង ៨៩៨ គីឡូម៉ែត្រ ដោយប្រជាជន រាប់ម៉ឺនគ្រួសារ នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។
សូមបញ្ជាក់ថា រោងចក្រផលិតទឹកស្អាតបាក់ខែង ជាគម្រោងវិនិយោគរបស់អឺរ៉ុបដ៏ធំជាងគេនៅកម្ពុជា ក្រោមយុទ្ធសាស្ត្រវិនិយោគ ច្រកចូលទៅកាន់ពិភពលោករបស់អឺរ៉ុប ។ ការវិនិយោគនេះបានជួយធ្វើឱ្យប្រសើរឡើង នៃការទទួលបានសេវាទឹកស្អាត សម្រាប់ ប្រជាពលរដ្ឋជាង ២ លាននាក់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។ ក្នុងនោះរោងចក្រផលិតទឹកស្អាតដំណាក់កាលទី១ និងដំណាក់ កាលទី២ មានសមត្ថិភាពផលិតទឹកស្អាតបានចំនួន ៣៩ ម៉ឺនម៉ែត្រគីបក្នុង១ថ្ងៃ នេះជាសមិទ្ធផលលេចធ្លោមួយ ក្នុងការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធទឹកស្អាតនៅកម្ពុជា ។ ចំណែកគម្រោងបាក់ខែងដំណាក់កាលទី៣ គឺជាគម្រោងពង្រីកសមត្ថភាពផលិតទឹកស្អាតបន្ថែម ឆ្ពោះទៅរកការកសាងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ប្រកបដោយនិរន្តរភាព និងឆ្លើយតបទៅនឹងកំណើននៃតម្រូវការទឹកស្អាត នៅក្នុងរាជ ធានីភ្នំពេញ និងតំបន់ជុំវិញ៕
អត្ថបទ៖ សុន រ៉ាឌី








