ភ្នំពេញ៖គិតចាប់ពីថ្ងៃទី១០ខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ មន្ទីរបរិស្ថានរាជធាន-ខេត្ត បានបណ្តុះកូនឈើសរុបចំនួនជាង៥៥ម៉ឺនដើម បន្ទាប់មកយកកូនឈើទាំងនោះ ចែកជូនជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋ យកទៅដាំតាមផ្ទះ សាលារៀន វត្តអារាម សហគមន៍ សរុបចំនួនជាង២០ម៉ឺនដើម។ នេះបើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន។
ដើម្បីរួមចំណែកបង្កើនភាពបៃតងស្របនឹងយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ ១០ តុលា ស្តីពីរៀបចំបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន១លានដើម ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០២៤ នេះ។ ការដាំដើមឈើ គឺស្របទៅនឹងស្ថានភាពដី សំដៅឱ្យមានការដាំដើមឈើ ឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះឈើ បង្កើនគម្របព្រៃឈើឱ្យយបាន៦០% នៅឆ្នាំ២០៥០៕ ដោយ ៖ សោភណ្ឌ



