ភ្នំពេញ ៖ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ក្នុងបំណងស្វែងយល់ និងពិគ្រោះយោបល់លើការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពាក់ព័ន្ធនឹងវិស័យវិនិយោគនៅកម្ពុជា។
ជំនួបពិភាក្សាការងាររវាងគណៈកម្មការទី៣ នៃរដ្ឋសភា ជាមួយគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៤ នាសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភា។
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត មានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់ពីវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលស្ថិតនៅក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៣ នៃរដ្ឋសភា ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាព។
ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើការរាយការណ៍ពីវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុវត្តក្នុងរយៈពេល៦ខែដែលរាជរដ្ឋាភិបាលកម្ពុជា បានកកើតឡើងក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើការអនុវត្តនៅយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ ក្នុងគៀងគរអ្នកវិនិយោគឱ្យមកបណ្តាក់ទន់នៅកម្ពុជាឱ្យបានច្រើន ជាពិសេសគឺធ្វើការកែទម្រង់ច្បាប់វិយោគឱ្យមានភាពល្អប្រសើរ និងបង្ករភាពងាយស្រួលក្នុងការបំពេញបែបបទជូនដល់អ្នកវិនិយោគិន ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានដាក់ចេញនៅយុទ្ធសាស្ត្រកំណែទម្រង់ក្នុងពង្រឹងប្រសិទ្ធភាពនៃសេវាច្រកចេញចូលតែមួយគឺការធ្វស្វ័យប្រវត្តិកម្មចុះបញ្ជីមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ (QIP Online)។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាពេលបច្ចុប្បន្នក៏បានរៀបចំនៅគោលនយោបាយទាក់ទាញអ្នកវិយោគិនទី១-ការរៀបចំបេសកកម្មពិសេសក្នុងការគោះទ្វារវិនិយោគិនឈានមុខ (flagship company) ក្នុងវិស័យអទិភាព ទី២-ការរៀបចំយុទ្ធនាការកសាងកិត្តិសព្ទកម្ពុជាជាទិសដៅវិយោគ ទី៣-ការជំរុញទាក់ទាញការវិនិយោគបៃតង ទី៤-ការលើកកម្ពស់ប្រសិទ្ធភាពសេវាថែទាំវិនិយោគ។
បន្ទាប់ពីបានស្តាប់នូវការរាយការណ៍ពីវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរួចមក ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងាររបស់របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដោយបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងក្របខ័ណ្ឌវិស័យវិនិយោគនៅកម្ពុជាទទួលបានភាពរីកចម្រើនស្របតបយុទ្ធសាស្ត្របញ្ជកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឱ្យទទួលបានជោគជ័យជាការរួមចំណែក យ៉ាងធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យភាពរីកចម្រើនលើគ្រប់វិស័យ៕ ដោយ ៖ ដារា















