ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកងពលតូចលេខ៧០ ក៏ដូចជាមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរដែនដីទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញនារយៈពេល២០ថ្ងៃកន្លងមកនេះ។ ការថ្លែងអំណរគុណនេះបានធ្វើឡើងនាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្នុងពិធីជួបជុំក្រុមការងារបាញ់ថ្នាំសម្លាប់សត្វមូសក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញញ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា កងពលតូចលេខ៧០ តែងតែជួយរដ្ឋបាលរាជធានីភ្នំពេញគ្រប់កាលៈទេសៈទាំងអស់។ ជាក់ស្ដែងនៅពេលនេះ កងពលតូចលេខ៧០ បានសហការជាមួយអាជ្ញាធររាជធានីភ្នំពេញបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូសបង្ការជំងឺគ្រុនឈាមជូនប្រជាពលរដ្ឋយ៉ាងសកម្មបំផុត។ សកម្មភាពទាំងនេះ យើងនៅចាំមិនភ្លេចចំពោះការលះបង់របស់កងពលតូចលេខ៧០ ក្នុងដំណាក់កាលនៃការរីករាតត្បាតជម្ងឺកូវីដ-១៩ ដោយកម្លាំងកងពលតូចលេខ៧០ បានលះបង់កម្លាំងកាយចិត្ត ក្នុងការដឹកជញ្ជូនសម្ភារៈ គ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ ជាមួយនឹងការបាញ់ថ្នាំបង្ការការពារជម្ងឺ covid-19 ថែមទៀត។ ជាក់ស្តែងនៅពេលនេះ ពោលគឺតបតាមការស្នើសុំពីរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក បានប្រគល់ទាំងរថយន្ត ព្រមទាំងកងកម្លាំង និងម៉ាស៊ីនសម្រាប់បាញ់ថ្នាំសម្លាប់សត្វមូស ដើម្បីបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូសនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរហូតបានបញ្ចប់ដោយជោគជ័យ។
ឯកឧត្តម ឃួង ស្រេង បានបន្តថា ក្រោយយុទ្ធនាការដែលប្រើរយៈពេល២០ថ្ងៃនៃការបាញ់ថ្នាំមូសនេះឃើញថា ជំងឺគ្រុនឈាម បានថយចុះច្រើន ដែលធ្វើឲ្យប្រជាពលរដ្ឋមានការត្រេកអរ និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាជ្ញាធររាជធានីភ្នំពេញ និងកម្លាំងកងពលតូចលេខ៧០ ដែលបានខិតខំលះបង់ទាំងកម្លាំងកាយចិត្ត ដើម្បីសុខមាលភាពប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា យុទ្ធនានៃការបាញ់ថ្នាំមូសនេះ ក៏ដូចជាការដាស់តឿនក្រើនរំលឹក ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចេះបង្ការខ្លួន ដើម្បីរួចផុតពីជំងឺគ្រុនឈាមនេះផងដែរ។
គួរបញ្ជាក់ថា មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌទាំង១៤ និងកងពលតូចលេខ៧០ បានបើកយុទ្ធនាការបាញ់ថ្នាំសម្លាប់សត្វមូស ការពារជំងឺគ្រុនឈាមនៅទូទាំងសង្កាត់ចំនួន ១០៥ បានចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែកុម្ភៈ និងបានបញ្ចប់យុទ្ធនាការកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ តាមការចង្អុលបង្ហាញពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ទៅលើសុខមាលភាពប្រជាពលរដ្ឋ៕
អត្ថបទ ៖ ប្រាក់ វ៉ាន់ដា














