
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ (១៤ មីនា) នេះ បានអំពាវនាវដល់អ្នកបោះឆ្នោតទាំងអស់ រួមទាំងនៅតំបន់ឧបសម្ព័ន្ធនៃអ៊ុយក្រែន ឱ្យរួបរួមគ្នាក្នុងការកំណត់អនាគតរបស់រុស្ស៊ី តាមរយៈការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសប្តាហ៍នេះ ដែលគេសមើលឃើញថាលោកប្រាកដជាអ្នកឈ្នះ។
លោក ពូទីន បាននិយាយនៅក្នុងវីដេអូមួយ និងរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានជាតិថា «វាមានសារៈសំខាន់ណាស់ក្នុងការគូសបញ្ជាក់ពីភាពស្អិតរមួតរបស់យើង ហើយដោះស្រាយ និងឆ្ពោះទៅមុខជាមួយគ្នាដើម្បីកំណត់អនាគតដ៏ប្រសើសម្រាប់រុស្ស៊ី»។
លោក ពូទីន វ័យ ៧១ ឆ្នាំ ដែលកាន់អំណាចជាប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីចាប់តាំងពីឆ្នាំ២០០០មក ប្រឈមមុខនឹងគូប្រជែងចំនួនបីនាក់ក្នុងរយៈពេលបីថ្ងៃនៃការបោះឆ្នោតដែលចាប់ផ្តើមនៅថ្ងៃសុក្រ (១៥ មីនា) ហើយមិនមានគូប្រជែងណាម្នាក់រិះគន់លោកទេ។
ការស្ទង់មតិបង្ហាញថា លោក ពូទីន ត្រូវបានគាំទ្រដោយចំនួនភាគច្រើននៃប្រជាជនរុស្ស៊ីជាមួយនឹងការស្ទង់មតិមួយកាលពីខែមុនផ្តល់ឱ្យលោកនូវការគាំទ្រ ៧៥ ភាគរយ។ បេក្ខជនប្រធានាធិបតីពីរនាក់ ដែលធ្លាប់សង្ឃឹមថានឹងឈរនៅលើវេទិកានៃការអំពាវនាវឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ត្រូវបានសម្រេចថាមិនមានសិទ្ធិចូលរួមក្នុងការបោះឆ្នោតនេះទេ៕