
កងទ័ពប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នា នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែ មីនា នេះ បានបញ្ចប់សមយុទ្ធយោធាប្រចាំឆ្នាំរបស់ពួកគេ ដែលធ្វើឡើងក្នុងគោលបំណងទប់ទល់ការគំរាមកំហែងរបស់ប្រទេសកូរ៉េខាងជើង។
សមយុទ្ធ ដែលត្រូវបានគេស្គាល់ថាជាសមយុទ្ធខែលការពារសេរីភាព បានចាប់ផ្តើមកាលពីថ្ងៃទី ៤ ខែមីនា សម្រាប់ដំណើរការរយៈពេល ១១ ថ្ងៃ ហើយជាលើកដំបូងដែលបានធ្វើឡើង ចាប់តាំងពីទីក្រុងព្យុងយ៉ាងបានលុបចោលកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េ ឆ្នាំ ២០១៨ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងនៅក្នុងខែវិច្ឆិកា។
កងទ័ពបាននិយាយថា សមយុទ្ធបាញ់គ្រាប់ពិតនេះ ក៏រួមបញ្ចូលផងដែរនូវការបង្ហាញយានដ្រូនឈ្លបយកការណ៍ និងរថក្រោះ និងរថពាសដែក ប្រមាណ៤០គ្រឿង និងដាក់ចល័តទាហានកូរ៉េខាងត្បូងប្រហែល ៣០០នាក់ និងទាហានអាមេរិកប្រហែល ៣០នាក់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា សមយុទ្ធរួមគ្នានេះ កើតឡើង ខណៈ មេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un ដឹកនាំការបង្ហាញផ្នែកយោធា ដែលរួមមានរថក្រោះប្រយុទ្ធប្រភេទថ្មី កាលពីថ្ងៃពុធ។
ទីក្រុងព្យុងយ៉ាង បានថ្កោលទោសសមយុទ្ធយោធាបែបនេះ ជាយូរមកហើយថាជា ការហាត់សមសម្រាប់ធ្វើសង្គ្រាម ខណៈទីក្រុងសេអ៊ូល បានចាត់ទុកសមយុទ្ធនេះថាជាការការពារសុទ្ធសាធ។