
អ្នកស្រុកស៊ូដង់មួយចំនួន ដែលត្រូវបានកាត់ផ្តាច់ពីបណ្តាញទូរស័ព្ទជាច្រើនសប្តាហ៍ដោយសារសង្គ្រាមរវាងក្រុមយោធាគូប្រជែង កំពុងប្រើប្រាស់សេវាទូរស័ព្ទតាមផ្កាយរណប ស្តារលីង (Starlink) ដើម្បីចូលប្រើអ៊ីនធឺណិត ខណៈការគ្របដណ្តប់សេវាទូរស័ព្ទធម្មតាបានចាប់ផ្តើមត្រឡប់ទៅផ្នែកផ្សេងទៀតនៃប្រទេស។
ការដាច់បណ្ដាញទូរស័ព្ទចល័តដែលបានចាប់ផ្តើមនៅដើមខែកុម្ភៈ បានរារាំងមនុស្សពីការទិញទំនិញសំខាន់ៗ រួមទាំងការផ្គត់ផ្គង់អាហារខ្វះខាត និងរារាំងពីការរក្សាទំនាក់ទំនងជាមួយសាច់ញាតិដែលផ្លាស់ទីលំនៅ ក៏ដូចជាការរំខានដល់ការផ្តល់ជំនួយ។
ប្រភពឧស្សាហកម្មទូរគមនាគមន៍បាននិយាយកាលពីមុនថា កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានបិទបណ្តាញ បន្ទាប់ពីការគម្រាមថានឹងធ្វើបែបនេះបើកងទ័ពជាតិស៊ូដង់ មិនស្តារឡើងវិញនូវការតភ្ជាប់ដែលបានបិទនៅក្នុងតំបន់ភាគខាងលិចនៃទីក្រុងដាហ្វឺ។
អង្គភាពផ្គត់ផ្គង់បណ្ដាញ ស៊ូដានី (Sudani) ដែលជាកម្មសិទ្ធិរបស់រដ្ឋ បានស្ដារឡើងវិញនូវការគ្របដណ្តប់សេវាទូរស័ព្ទនៅក្នុងផ្នែកខ្លះនៃប្រទេសស៊ូដង់ ប៉ុន្តែផ្នែកជាច្រើននៃប្រទេស រួមទាំងរដ្ឋធានី និងភាគច្រើននៃទីក្រុង ដាហ្វឺ នៅតែត្រូវបានកាត់ផ្តាច់។
ប្រជាជននៅក្នុងតំបន់ ដែលមិនមានបណ្ដាញសេវាទូរស័ព្ទបានព្យាយាមកាន់តែខ្លាំងឡើងក្នុងការប្រើប្រាស់អ៊ីនធឺណិតផ្កាយរណប Starlink របស់មហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) ដែលជាធម្មតាមិនត្រូវបានអនុញ្ញាតនៅក្នុងប្រទេសស៊ូដង់ និងមានតម្លៃថ្លៃសម្រាប់ជនជាតិស៊ូដង់ធម្មតា ដែលប្រហែល ២,៥ ដុល្លារសម្រាប់ការប្រើប្រាស់មួយម៉ោង៕