
បេក្ខជនប្រធានាធិបតីគណបក្សប្រឆាំងប្រទេសវេណេស៊ុយអេឡា លោកស្រី ម៉ារីយ៉ា កូរីណា ម៉ាឆាដូ(Maria Corina Machado) កាលពីថ្ងៃពុធ បានចោទប្រកាន់ប្រធានាធិបតី លោក Nicolas Maduro ពីការព្យាយាមបំផ្លាញការបោះឆ្នោតប្រធានាធិបតី នៅខែកក្កដា ខាងមុខ របស់ប្រទេសនេះ។
ថ្លែងនៅក្នុងចំណោមហ្វូងមនុស្សហ៊ោកញ្ជៀវក្នុងការប្រមូលផ្តុំគ្នា នៅភាគខាងជើងរដ្ឋ Carabobo លោកស្រី Machado ដែលត្រូវបានហាមប្រាមតាមភាសារបច្ចេកទេសពីបេក្ខភាពដោយរដ្ឋាភិបាលរបស់លោក Maduro បាននិយាយថា របបរបស់លោក Maduro ពុំមានសមត្ថភាពដើម្បីតំណាងឲ្យប្រទេសទាំងមូលបានទេ។
តុលាការកំពូលរបស់ប្រទេស កាលពីខែមករា បានគាំទ្រការហាមប្រាម លើការកាន់តំណែងសាធារណៈដែលត្រូវបានដាក់ប្រឆាំងលោកស្រី Machado ដែលបានទទួលជ័យជម្នះយ៉ាងលើសលប់ក្នុងការបោះឆ្នោតបឋមរបស់គណបក្សប្រឆាំងកាលពីខែតុលា ដើម្បីកំណត់បេក្ខជនប្រធានាធិបតីរបស់ខ្លួន។ អតីតវិស្វករឧស្សាហកម្មវ័យ ៥៦ឆ្នាំរូបនេះ បានច្រានចោលលទ្ធភាពរបស់បេក្ខជនជំនួស ដោយនិយាយថា បម្រាមលើលោកស្រី គឺជាផែនការធ្វើឡើងដោយរដ្ឋាភិបាលរបស់លោក Maduro ដើម្បីការពារលោក ពីគូប្រជែង ដែលអាចទទួលបានជ័យជម្នះ។
ការហាមប្រាមនេះ បានជំរុញឱ្យមានការកើតមានឡើងវិញ នូវដាក់ទណ្ឌកម្មមួយចំនួនដោយសហរដ្ឋអាមេរិក មកលើប្រទេសសមាជិកក្រុមប្រទេសផលិតប្រេងនាំចេញ(OPEC) មួយនេះ។