
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានប្រាប់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ ប្រទេសហូឡង់ មិនមានសិទ្ធិអំណាចក្នុងការស៊ើបអង្កេតសង្រ្គាមបង្ហូរឈាមរបស់អ្នកកាន់តំណែងមុន ប្រឆាំងនឹងគ្រឿងញៀននោះទេ។
នេះបើយោងតាមព័ត៌មានរបស់ការិយាល័យប្រធានាធិបតីហ្វីលីពីន ដែលបានចេញផ្សាយកាលពីយប់ថ្ងៃពុធ (ទី១៣ ខែមីនា) បានឲ្យដឹងថា លោក Marcos បានពិភាក្សាអំពីការស៊ើបអង្កេតរបស់ ICC អំឡុងកិច្ចប្រជុំទ្វេភាគីជាមួយលោក Scholz កាលពីថ្ងៃអង្គារ (ទី១២ ខែមីនា) នៅប្រទេសអាឡឺម៉ង់ ជាកន្លែងដែលលោកកំពុងបំពេញទស្សនកិច្ចការងារ។
គួររំលឹកថា អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានដកខ្លួនជាផ្លូវការពីតុលាការអន្តរជាតិក្នុងឆ្នាំ២០១៩ បន្ទាប់ពីបានសាកសួរអំពីអំណាចរបស់ស្ថាប័ននេះ ក្នុងការស៊ើបអង្កេតយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់លោក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។
លោក Marcos បានលើកឡើងថា តុលាការហ្វីលីពីននៅតែបន្តដំណើរការ ហើយអ្នកអនុវត្តច្បាប់ កំពុងស៊ើបអង្កេតការសម្លាប់នេះ។ លោក Marcos បានប្រាប់បន្ថែមថា៖ «វាជារឿងលំបាកខ្លាំងណាស់ ក្នុងការឲ្យហ្វីលីពីនទទួលយកថា តុលាការខាងក្រៅនឹងបង្គាប់នគរបាលរបស់យើងថា អ្នកណានឹងស៊ើបអង្កេត ហើយអ្នកណាដែលពួកគេនឹងចាប់ខ្លួន»។
យ៉ាងណាក្ដី សេចក្ដីប្រកាសព័ត៌មាននោះមិនបានបញ្ជាក់ថា តើលោក Scholz ឆ្លើយតបទៅនឹងជំហររបស់លោក Marcos យ៉ាងណានោះទេ ខណៈដែលប្រទេសអាល្លឺម៉ង់ គឺជាអ្នកគាំទ្រ និងជាអ្នករួមចំណែកដ៏ធំបំផុតជាងគេ ចំពោះ ICC៕