
ចក្រភពអង់គ្លេសបានបង្ហាញនិយមន័យថ្មីនៃភាពជ្រុលនិយម នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែមីនា) នេះ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនូវបទល្មើសស្អប់ខ្ពើមប្រឆាំងនឹងជនជាតិជ្វីហ្វ និងមូស្លីម ចាប់តាំងពីមានការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា លើប្រទេសអ៊ីស្រាអែល ទោះបីជាអ្នករិះគន់បាននិយាយថា ការផ្លាស់ប្ដូរនេះប្រឈមនឹងការរំលោភលើសេរីភាពនៃការបញ្ចេញមតិក៏ដោយ។
កាលពីដើមខែមីនា នាយករដ្ឋមន្ត្រី លោក Rishi Sunak បានព្រមានថា លទ្ធិប្រជាធិបតេយ្យពហុជាតិសាសន៍របស់ចក្រភពអង់គ្លេស កំពុងត្រូវបានបំផ្លាញដោយចេតនា ទាំងពីពួកជ្រុលនិយមឥស្លាម និងស្តាំនិយម ហើយចាំបាច់ត្រូវធ្វើកិច្ចការបន្ថែមទៀត ដើម្បីដោះស្រាយបញ្ហានេះ។
គួរបញ្ជាក់ថា បើយោងតាមអង្គការ Community Security Trust ដែលជាស្ថាប័នឃ្លាំមើលសុវត្ថិភាពជនជាតិជ្វីហ្វ បានឲ្យដឹងថា ហេតុការណ៍ប្រឆាំងនឹងជនជាតិជ្វីហ្វបានកើនឡើង ១៤៧ភាគរយ ក្នុងឆ្នាំ២០២៣ ពោលគឺឡើងដល់កម្រិតខ្ពស់បំផុត ដែលត្រូវបានជំរុញដោយការវាយប្រហារថ្ងៃទី៧ ខែតុលា។ ចំណែកស្ថាប័ន Tell Mama ដែលជាក្រុមឃ្លាំមើលឧប្បត្តិហេតុប្រឆាំងជនមូស្លីម បានឲ្យដឹងកាលពីខែកុម្ភៈថា ឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងនឹងមូស្លីម ក៏បានកើនឡើង ៣៣៥ភាគរយផងដែរ គិតចាប់តាំងពីមានការវាយប្រហារនោះ។
រដ្ឋមន្ត្រីសហគមន៍ដែលដឹកនាំនាយកដ្ឋានបង្កើតនិយមន័យជ្រុលនិយមថ្មី គឺលោក Michael Gove បាននិយាយថា៖ «វិធានការថ្ងៃនេះនឹងធានាថា រដ្ឋាភិបាលមិនបានផ្តល់វេទិកាមួយប្រកបដោយគ្រោះថ្នាក់ដល់អ្នកដែលរៀបចំដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងបដិសេធសិទ្ធិជាមូលដ្ឋានរបស់អ្នកដទៃ»។
និយមន័យថ្មីនេះ ចែងថា ភាពជ្រុលនិយម «គឺជាការលើកកម្ពស់ ឬការវិវត្តនៃមនោគមវិជ្ជាផ្អែកលើអំពើហិង្សា ការស្អប់ខ្ពើម ឬការមិនអត់ឱន» ដែលមានគោលបំណងបំផ្លាញសិទ្ធិ និងសេរីភាពជាមូលដ្ឋាន ឬក៏បំផ្លាញ ឬជំនួសលទ្ធិប្រជាធិបតេយ្យសេរីសភារបស់ចក្រភពអង់គ្លេស ឬបង្កើតបរិយាកាសសម្រាប់អ្នកដទៃដោយចេតនា ដើម្បីសម្រេចបានលទ្ធផលទាំងនោះ៕