
មន្ត្រីនៅក្នុងទីក្រុងមួយរបស់ប្រទេសចិន ក្បែរទីក្រុងប៉េកាំង បានធ្វើការសុំទោស បន្ទាប់ពីអ្នកសារព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋម្នាក់ ត្រូវបានរារាំងមិនឲ្យរាយការណ៍អំពីការផ្ទុះបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិត ជាហេតុការណ៍ដែលបញ្ជាក់ពីការលំបាក ក្នុងការរាយការណ៍ព័ត៌មាន នៅក្នុងប្រទេសសេដ្ឋកិច្ចធំទី២ របស់ពិភពលោកមួយនេះ។
ឃ្លីបវីដេអូមួយពីទូរទស្សន៍រដ្ឋ China Central Television បង្ហាញពីអ្នកសារព័ត៌មានម្នាក់របស់ទូរទស្សន៍នេះ កំពុងធ្វើការនៅជិតកន្លែងកើតហេតុនៃការផ្ទុះដែលត្រូវបានសង្ស័យថា បណ្តាលមកពីការលេចធ្លាយឧស្ម័ន ដែលការផ្ទុះនោះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់ កាលពីថ្ងៃពុធ (ទី១៣ ខែមីនា) នៅក្នុងទីក្រុង Yanjiao។
ហេតុការណ៍នាពេលនោះ គឺថា នៅពេលអ្នកសារព័ត៌មាននោះ ទើបរាយការណ៍បានពាក់កណ្ដាល ស្រាប់តែមន្ត្រីសន្តិសុខមូលដ្ឋាន បានទៅបិទកាមេរ៉ារបស់នាង ហើយនិយាយថា «វាគ្រោះថ្នាក់ពេកហើយ»។
បន្ទាប់ពីមានហេតុការណ៍នោះ មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃព្រហស្បតិ៍ (ទី១៤ ខែមីនា) នេះថា៖ «ដោយសារតែជំនាញទំនាក់ទំនងរបស់បុគ្គលិកជួរមុខ មិនល្អ និងវិធីសាស្រ្តទំនាក់ទំនងលំបាក និងស្មុគស្មាញ វាបានបង្កឲ្យមានការយល់ច្រឡំពីមិត្តភ័ក្តិប្រព័ន្ធផ្សព្វផ្សាយ និងសំណួរនានាពីសាធារណៈជន»។
សេចក្ដីថ្លែងការណ៍បានបន្ថែមថា រដ្ឋាភិបាល «បានរិះគន់យ៉ាងខ្លាំងក្លាភ្លាមៗទៅលើបុគ្គលិកដែលពាក់ព័ន្ធ ហើយបានបញ្ជូនមន្ត្រីទៅសុំអភ័យទោស ចំពោះមិត្តអ្នកសារព័ត៌មានពាក់ព័ន្ធជាច្រើនលើកច្រើនសា»៕