
ប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងនឹងលើកឡើងនូវការបារម្ភ ជុំវិញការស្នើទិញក្រុមហ៊ុនដែកថែប US Steel ចំនួន ១៤,៩ពាន់លានដុល្លាររបស់ក្រុមហ៊ុនជប៉ុន Nippon Steel ដោយបានធ្វើឲ្យភាគហ៊ុនរបស់ក្រុមហ៊ុនអាមេរិកមួយនេះធ្លាក់ចុះជិត ១៣ភាគរយ នៅពេលដែលកិច្ចព្រមព្រៀងនេះអាចប្រឈមនឹងការប្រឆាំងផ្នែកនយោបាយកាន់តែខ្លាំងឡើង។ នេះបើតាមបុគ្គលដែលដឹងពីបញ្ហានេះ កាលពីថ្ងៃពុធ (ទី១៣ ខែមីនា)។
បញ្ហានេះអាចនឹងគ្របដណ្តប់លើកិច្ចប្រជុំកំពូល នៅថ្ងៃទី១០ ខែមេសា រវាងលោក Biden និងនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដែលជំនួបនេះធ្វើឡើងក្នុងគោលបំណងជំរុញសម្ព័ន្ធភាពសន្តិសុខយូរអង្វែង រវាងប្រទេសទាំង២ នៅចំពោះមុខនៃការកើនឡើងនូវឥទ្ធិពលរបស់ប្រទេសចិន។
គួររំលឹកថា កាលពីខែធ្នូ ក្រុមហ៊ុន Nippon Steel បានឈានដល់កិច្ចព្រមព្រៀងទិញក្រុមហ៊ុនផលិតដែកថែបដ៏ល្បីរបស់អាមេរិកដែលមានអាយុកាល ១២២ឆ្នាំ ក្នុងតម្លៃបុព្វលាភខ្ពស់ ដែលធ្វើឲ្យមានការលើកឡើងថា ក្រុមហ៊ុន US Steel នឹងទទួលបានអត្ថប្រយោជន៍ពីការចំណាយ និងការកាត់បន្ថយពន្ធ នៅក្នុងសេចក្ដីស្នើច្បាប់ហេដ្ឋារចនាសម្ព័ន្ធរបស់លោក Biden។
សមាជិកព្រឹទ្ធសភាអាមេរិកពីគណបក្សប្រជាធិបតេយ្យ និងសាធារណៈរដ្ឋមួយចំនួន បានរិះគន់កិច្ចព្រមព្រៀងនេះ ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ ឬចោទជាសំណួរអំពីមូលហេតុដែលក្រុមហ៊ុនទាំង២ មិនពិគ្រោះជាមួយសហជីពសំខាន់ៗរបស់ក្រុមហ៊ុន US Steel នៅមុនការប្រកាស៕