ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ, នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតក្នុងជំនួបពិភាក្សាការងារដ៏មានតម្លៃនេះ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីគោលបំណងនៃកិច្ចជំនួបពិភាក្សា និងពន្លឿនការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ និងការពង្រីកការវិនិយោគលើឱសថ និងបរិក្ខារពេទ្យក្នុងប្រទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការលើការផ្តល់អាហារូបករណ៍ចំពោះនិស្សិតក្នុងវិស័យសុខាភិបាល។
ជាកិច្ចឆ្លើយតប ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមស្វាគមន៍ និងបានជម្រាបជូន អំពីអាទិភាពវិស័យសុខាភិបាលទាំង ៩ចំណុច និងអាទិភាពគន្លឹះទាំង៣ចំណុច។ ភាគីទាំងពីរ បានឯកភាពរួមជាគោលការណ៍ លើការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងសុខាភិបាល នៃប្រទេសទាំងពីរ នាពេលខាងមុខនេះ និងឈានទៅរកការពង្រីកកិច្ចសហប្រតិបត្តិការលើចំណុចជាក់លាក់បន្ថែមផ្សេងៗទៀតផងដែរ។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សាធារណរដ្ឋឥណ្ឌូនេស៊ី តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរបន្តគាំទ្ររួមចំណែកជាមួយ នឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ ៖ រដ្ឋា











