
វីដេអូសាក្សីដែលបានថតកាលពីយប់ថ្ងៃពុធបានបង្ហាញចំហេះព្រៃ កំពុងឆាបឆេះយ៉ាងសន្ធោរសន្ធៅ ក្នុងតំបន់លំនៅឋានក្នុងទីក្រុងកំពង់ផែ វ៉ាល់ប៉ារ៉ៃសូ(Valparaiso) ភាគកណ្ដាលប្រទេសឈីលី ដែលសម្បូរដោយមនុស្សច្រើនកកកុញ។
ក្រុមពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់អណ្តាតភ្លើងដែលឆាបឆេះរយៈពេលមួយខែមកហើយ បន្ទាប់ពីចំហេះព្រៃដ៏មហន្តរាយនេះ បានបំផ្លាញតំបន់ភាគកណ្ដាលប្រទេសឈីលីកាលពីដើមខែកុម្ភ:មកម៉្លេះ។
មនុស្សយ៉ាងហោចណាស់១៣៣នាក់ បានស្លាប់ នៅក្នុងចំហេះព្រៃកាលពីខែកុម្ភ: ជាគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានចាប់តាំងពីគ្រោះរញ្ជួយដីឆ្នាំ២០១០ ដែលបានសម្លាប់មនុស្ស៥០០នាក់ ពោលគឺបានវាយប្រហារលើក្រុងដែលមានមនុស្សរស់នៅច្រើនកុះករ ក្នុងនោះរួមមានក្រុងវ៉ាល់ប៉ារ៉ៃសូ និងក្រុងវីណា ឌែល ម៉ា(Vina del Mar)។
យោងតាមសេក្ដីរាយការណ៍របស់ក្រុមប្រឹក្សាអាកាសធាតុពិភពលោក បានអោយដឹងថា ចំហេះព្រៃដ៏មហន្តរាយនេះ ត្រូវគេរំពឹងថា ទំនងឆេះកាន់តែច្រើឡើងៗនៅក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ខណ:ដែលពិភពលោកកាន់តែមានសភាពក្ដៅខ្លាំងឡើងៗ និងហួតហែងដោយសារតែបម្រែបម្រួលអាកាសធាតុ៕