
អភិបាលក្រុង Belgorod លោក Valentin Demidov បានឲ្យដឹងនៅក្នុងកម្មវិធីផ្ញើសារ Telegram របស់លោកថា បុរសម្នាក់បានស្លាប់ នៅថ្ងៃព្រហស្បតិ៍ (ទី១៤ មីនា) នេះ ខណៈរថយន្តរបស់គេដែលកំពុងបើកបរ ត្រូវបានគ្រាប់ធ្លាក់ចំ។ ជាមួយគ្នានេះ មនុស្ស ៤នាក់ផ្សេងទៀត បានរងរបួស។
លោក Demidov បានស្តីបន្ទោសការបាញ់ផ្លោងនេះថា ជាស្នាដៃរបស់កងកម្លាំងអ៊ុយក្រែន។ ហើយអភិបាលក្រុងរូបនេះបានបន្ថែមថា ផ្ទះ ៥ខ្នង និងរថយន្ត ២៥គ្រឿងផ្សេងទៀត បានរងការខូចខាត ក្នុងការវាយប្រហារនេះ។
ហើយបើយោងតាមលោក Demidov ដដែល បានឲ្យដឹងថា ការបាញ់ផ្លោងមួយផ្សេងទៀតនៅថ្ងៃដដែលនេះ បានសម្លាប់ស្ត្រីម្នាក់ ដែលកំពុងបើកបររថយន្តរបស់នាង ហើយមនុស្ស ៣នាក់ផ្សេងទៀតរងរបួស។ លោកបានចុះទៅមើលទីតាំងនៃការវាយប្រហារនោះ ដើម្បីវាយតម្លៃការខូចខាត និងសួរសុខអ្នកស្រុក៕