យោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា អគ្គិភ័យ បានឆាបឆេះនៅពន្ធនាគារធំ ក្នុងរដ្ឋធានីប្រទេសហៃទី កាលពីថ្ងៃព្រហស្បតិ៍។
វីដេអូ បានបង្ហាញពីផ្សែងខ្មៅហុយចេញពីអគារពន្ធនាគារ ជាកន្លែងដែលកាលពីដើមខែនេះ ក្រុមប្រដាប់អាវុធបានរំដោះអ្នកទោស។ វាពុំអាចដឹងភ្លាមៗនៅឡើយទេ ថាតើមានមនុស្សប៉ុន្មាននាក់នៅក្នុងពន្ធនាគារ និងមូលហេតុអ្វីដែលបានបង្កឱ្យមានអគ្គិភ័យឆាបឆេះ។

ប្រទេសនៅតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ កំពុងព្យាយាមរិះរកមធ្យោបាយដោះស្រាយវិបត្តិនយោបាយ និងសង្គម ដែលបានកើតឡើងជាយូរមកហើយ បណ្តាលឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញ ដោយសារតែក្រុមជនអន្ធពាលប្រដាប់អាវុធ បង្កើនសកម្មភាពគ្រប់គ្រងរបស់ពួកគេនៅក្នុងរដ្ឋធានី។

សហគមន៍តំបន់សមុទ្រការ៉ាអ៊ីប ជាប្លុកប្រចាំតំបន់ បានពិភាក្សាលម្អិតអំពីគណបក្សនយោបាយ និងវិស័យសង្គមនានា ដើម្បីកំណត់ពេលបង្កើតក្រុមប្រឹក្សាអន្តរកាលមួយ មានសមាជិក៩រូប ដែលនឹងចូលកាន់តំណែងពីនាយករដ្ឋមន្ត្រីដែលមិនបានជាប់ឆ្នោត លោក អារីយ៉ែល ហេនរី (Ariel Henry) ដែលលោកបាននិយាយកាលពីថ្ងៃចន្ទ ទី១០ ខែមីនា ថា លោកនឹងលាលែងពីតំណែង។
ការចរចា ជុំវិញក្រុមប្រឹក្សានេះ ត្រូវបានសម្របសម្រួលដោយមេដឹកនាំតំបន់សមុទ្រការ៉ាអ៊ីប និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ប៉ុន្តែការតែងតាំងជាផ្លូវការ នៅមិនទាន់ត្រូវបានធ្វើឡើងនៅឡើយ។