វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៤ មីនា) ថាការអត្ថាធិប្បាយអំពីអាវុធនុយក្លេអ៊ែរដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនមែនជាការគំរាមកំហែងក្នុងការប្រើប្រាស់អាវុធទាំងនោះទេ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិក ថាមានចេតនាបំភ្លើសការលើកឡើងនេះចេញពីបរិបទន័យដើម។

លោក ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធថា រុស្ស៊ីបានត្រៀមលក្ខណៈបច្ចេកទេសសម្រាប់សង្គ្រាមនុយក្លេអ៊ែរ ហើយថាប្រសិនបើសហរដ្ឋអាមេរិក បញ្ជូនទាហានទៅអ៊ុយក្រែននោះ ខ្លួននឹងចាត់ទុកថាជាការកើនឡើងនៃជម្លោះ។

ដោយឆ្លើយតបទៅលើពាក្យសម្ដីរបស់លោក ពូទីន អ្នកនាំពាក្យសេតវិមាន លោកស្រី ខាតារីន ហ្សង់ព្យែរ (Karine Jean-Pierre) បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោនយល់ថា មេដឹកនាំរុស្ស៊ីកំពុងបញ្ជាក់ឡើងវិញលើគោលលទ្ធិនុយក្លេអ៊ែររបស់ទីក្រុងមូស្គូប៉ុណ្ណោះ ប៉ុន្តែបានចោទប្រកាន់រុស្ស៊ី ពីការប្រើវោហាសាស្ត្រនុយក្លេអ៊ែរ «ដោយមិនប្រុងប្រយ័ត្ន និងគ្មានការទទួលខុសត្រូវ» នៅទូទាំងជម្លោះអ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ(Dmitry Peskov) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោក ពូទីន គ្រាន់តែបានឆ្លើយសំណួររបស់អ្នកសារព័ត៌មានលើប្រធានបទនេះប៉ុណ្ណោះ និងបានរំលឹកឡើងវិញនូវកាលៈទេសៈមានស្រាប់នេះ ដែលរុស្ស៊ី នឹងត្រូវសម្ពាធខាងក្រៅបង្ខំឱ្យប្រើអាវុធនុយក្លេអ៊ែរ៕