សមាជិកព្រឹទ្ធសភាអាមេរិក មួយចំនួនចង់ឱ្យសភាជាន់ខ្ពស់ចំណាយពេលវេលារបស់ខ្លួនគិតតាមសម្រួលក្នុងការសម្រេចចិត្តថាតើត្រូវគាំទ្រ ឬយ៉ាងណាលើសេចក្តីព្រាងច្បាប់របស់សភាតំណាងរាស្រ្ត ដែលនឹងបង្ខំក្រុមហ៊ុន ដៃឌែន (ByteDance) ដែលមានមូលដ្ឋាននៅចិន ឱ្យលក់កម្មវិធីវីដេអូខ្លី ទីកតុក (TikTok) ដែលប្រើប្រាស់ដោយជនជាតិអាមេរិកប្រហែល ១៧០ លាននាក់ ក្នុងរយៈពេលប្រាំមួយខែ បើមិនដូច្នេះទេនឹងប្រឈមនឹងការហាមឃាត់។

សភាបានបោះឆ្នោតគាំទ្រ ៣៥២ សំឡេងទល់នឹង ៦៥ សំឡេងកាលពីថ្ងៃពុធ ត្រឹមតែប្រាំបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីសំណើនេះត្រូវបានបញ្ជូនទៅក្នុងសភា។ មានការគាំទ្រយ៉ាងទូលំទូលាយនៅក្នុងព្រឹទ្ធសភាសម្រាប់ការចាត់វិធានការដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខជាតិពីកម្មវិធីបរទេសដូចជា TikTok ប៉ុន្តែមិនមានកិច្ចព្រមព្រៀងលើវិធីសាស្រ្តត្រឹមត្រូវណាមួយលើមធ្យោបាយដែលត្រូវធ្វើក្នុងបញ្ហានេះទេ។

សេចក្តីព្រាងច្បាប់របស់សភានេះបានឈ្នះការគាំទ្រពីសមាជិកព្រឹទ្ធសភាសំខាន់ៗមួយចំនួន ខណៈពេលដែលអ្នកផ្សេងទៀតនិយាយថា ពួកគេប្រឆាំងនឹងពង្រាងរបស់សភានេះ ដោយលើកឡើងថា ប្រវត្តិសាស្រ្តបង្រៀនយើងថា នៅពេលដែលសមាជិកសភាប្រញាប់ប្រញាល់ធ្វើច្បាប់ស្តីពីបច្ចេកវិទ្យា និងប្រព័ន្ធផ្សព្វផ្សាយសង្គម កំហុសឆ្គងនឹងកើតមានឡើងដោយជៀសមិនផុត។
វិធានការនេះបានធ្វើឱ្យអ្នកប្រើប្រាស់ អ្នកបង្កើតមាតិកា និងអ្នកនយោបាយជាច្រើនមានការខកចិត្ត។ អ្នកនយោបាយ និងអ្នកប្រើប្រាស់មួយចំនួនអះអាងថា សភាបានទទួលយកសំណើច្បាបើនេះ បន្ទាប់ពីមានការប៉ុនប៉ងជាច្រើនក្នុងការហាមឃាត់ TikTok ។ បម្រាមណាមួយលើ TikTok នឹងក្លាយជាដំណឹងអាក្រក់សម្រាប់អាជីវកម្មខ្នាតតូចដែលពឹងផ្អែកលើវេទិកាសម្រាប់ទីផ្សារ ឬលក់ផលិតផលនៅលើប្រព័ន្ធទិញលក់ ទីកតុក ស្ហប (TikTok Shop) ដែលជាដៃពាណិជ្ជកម្មអេឡិចត្រូនិចរបស់ក្រុមហ៊ុន៕