អគ្គលេខាធិការនៃសម្ព័ន្ធភាពយោធានេះ បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសសមាជិកអង្គការណាតូ មិនបានផ្តល់គ្រាប់រំសេវគ្រប់គ្រាន់ដល់ប្រទេសអ៊ុយក្រែនទេ ខណៈដែលកងកម្លាំងរបស់ខ្លួន កំពុងអស់ហើយនោះ។

លោក ចេន ស្តូលថិនប៊ឺក ( Jens Stoltenberg) បានបញ្ជាក់ថា៖«ប្រជាជនអ៊ុយក្រែន មិនបាត់បង់ភាពក្លាហានទេ ទោះបីជាពួកគេ អស់គ្រាប់រំសេវក៏ដោយ។ ក្រោយមកនៅក្នុងសន្និសីទសារព័ត៌មាននោះ លោកបានបន្ថែមថា៖«សម្ព័ន្ធមិត្តណាតូ មិនបានផ្តល់ឲ្យអ៊ុយក្រែននូវគ្រាប់រំសេវគ្រប់គ្រាន់ទេ ដូច្នេះហើយកងកម្លាំងរបស់ខ្លួនមានផលវិបាកនៅលើសមរភូមិ ជារៀងរាល់ថ្ងៃ។
លោកស្តូលថិនប៊ឺក កំពុងបង្ហាញរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីអង្គការណាតូ ដែលបាននិយាយថា ការចំណាយយោធារបស់ប្រទេសសមាជិក បានកើនឡើង ១១ភាគរយ កាលពីឆ្នាំមុន។
ការចំណាយផ្នែកយោធារបស់សមាជិកណាតូ ជាពិសេសនៅអឺរ៉ុប បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីបញ្ចប់សង្រ្គាមត្រជាក់។ ប៉ុន្តែបណ្តាប្រទេសនៅអឺរ៉ុប បាននិងកំពុងបន្ត បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍នោះ បាននិយាយថា សមាជិកណាតូតែ១១ក្នុងចំណោមប្រទេសសមាជិកចំនួន ៣១ បានសម្រេចគោលដៅចំណាយ ២ភាគរយនៃ ផលិតផលក្នុងស្រុកសរុប (GDP) លើវិស័យការពារជាតិ កាលពីឆ្នាំមុន។ ប្រទេសស៊ុយអែត បានចូលជាសមាជិកទី៣២ របស់អង្គការណាតូ នៅថ្ងៃទី៧ ខែមីនា ឆ្នាំនេះ។
ប្រទេសហ្វាំងឡង់ បានក្លាយជាសមាជិកទី៣១ ក្នុងខែមេសា ឆ្នាំ២០២៣ ហើយត្រូវបានបញ្ចូលក្នុងប្រទេសចំនួន១១ ដែលបានឈានដល់គោលដៅចំណាយ។