ភ្នំពេញ៖ អង្គភាពជំនាញ បានប្រមូលប្រភេទពន្ធលើប្រាក់ចំណូល និងប្រាក់ចំណេញ សរុបបានប្រមាណជាង ៣៦៣១ប៊ីលានរៀល ត្រូវប្រមាណជាង ៧១%, ខណៈនៅ ឆ្នាំ២០១៩ ការប្រមូលពន្ធប្រភេទនេះ សរុបបានជាង ២៩១៧ ប៊ីលានរៀល ស្មើប្រមាណជាង ៦៧% ប៉ុណ្ណោះ។
តាមរបាយការណ៍ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលថ្នាក់ជាតិ បានបង្ហាញឲ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ២០២០ ការប្រមូលពន្ធលើប្រាក់ចំណូល និងប្រាក់ចំណេញ បានប្រមាណជាង ៣១២ ប៊ីលានរៀល បើគិតរយៈពេល ៧ ខែ ដើមឆ្នាំ២០២០ នេះ ការប្រមូលចំណូលពន្ធប្រភេទនេះ សរុបបានប្រមាណជាង ៣៦៣១ប៊ីលានរៀល ត្រូវប្រមាណជាង ៧១% នៃច្បាប់ហិរញ្ញវត្ថុ ដែលបានកំណត់ការប្រមូលចំណូលពន្ធប្រភេទនេះ ក្នុងរង្វង់ទឹកប្រាក់ប្រមាណជា ៥ ០៨០ប៊ីលានរៀល ក្នុងនោះ ការប្រមូលចំណូលពន្ធខាងលើ សម្រាប់ការប្រមូលពន្ធពីរូបវន្តបុគ្គល បានចំនួនប្រមាណជាង ៥៤៦ប៊ីលានរៀល និងការប្រមូលចំណូលពីនីតិបុគ្គលបានជាង ៣ ០៨៥ ប៊ីលានរៀល ។
ជុំវិញនិងការប្រមូលពន្ធខាងលើនេះ បើគិតក្នុងរយៈពេលដូចគ្នាទៅឆ្នាំ២០១៩ ការប្រមូលពន្ធលើប្រាក់ចំណូល និងប្រាក់ចំណេញ បានហក់ឡើងខ្ពស់ជាង ៥% ខណៈនៅឆ្នាំ២០១៩ ប្រមូលបានជាង ២ ៩១៧ ប៊ីលានរៀល ត្រូវជា ៦៧% ប៉ុណ្ណោះ ក្នុងនោះ ការប្រមូលចំណូលពន្ធពីរូបវន្តបុគ្គលបានជាង ៥១៧ប៊ីលានរៀល និងការប្រមូលពន្ធពីនីតិបុគ្គលបានជាង ២ ៤០០ ប៊ីលានរៀល ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ២០២០ នេះ ទោះជាការប្រមូលពន្ធលើប្រាក់ចំណូល និងប្រាក់ចំណេញ បានហក់ឡើងខ្ពស់ជាងឆ្នាំ ២០១៩ ក្នុងរង្វង់ប្រមាណជា ៥% ក៏ដោយ, តែចំពោះការប្រមូលចំណូលពន្ធរួមមាន៖ ពន្ធលើមុខទំនិញ និងសេវាប្រាស់, ប្រភេទពន្ធលើពាណិជ្ជកម្មអន្តរជាតិ, ពន្ធផ្សេងៗ, អំណោយ, និងចំណូលផ្សេងៗទៀត បានបន្តស្រុតចុះ, ខណៈនៅក្នុងឆ្នាំ២០១៩ ការប្រមូលចំណូលពន្ធប្រភេទនេះទទួលបានលទ្ធផលល្អ៕ អត្ថបទ៖ សុន រ៉ាឌី
