ទីភ្នាក់ងារសារព័ត៌មានរដ្ឋTASS បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់ មន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ថា គម្រោងអវកាស រួមទាំងការបង្កើតអង្គភាពថាមពលនុយក្លេអ៊ែរ នៅក្នុងលំហ គួរតែជាអាទិភាព និងទទួលបានហិរញ្ញប្បទានត្រឹមត្រូវ។

លោកពូទីន បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសមាជិករដ្ឋាភិបាល ដោយចង្អុលទៅឧទាហរណ៍មួយដល់អង្គភាពថាមពលនុយក្លេអែរ ដែលនឹងដំណើរការក្នុងលំហថា រុស្ស៊ី«មានសមត្ថភាពគ្រប់គ្រាន់ ហើយលើសពីនេះទៅទៀត ថែមទាំងមានទុនបំរុងដែលយើងអាចមានមោទនភាព ហើយយើងអាចពឹងផ្អែកបាននាពេលអនាគត»។
លោកពូទីន បាននិយាយថា៖«យើងចាំបាច់ត្រូវផ្តល់ហិរញ្ញប្បទានឲ្យទាន់ពេលវេលា» នេះបើងយោងតាមសារព័ត៌មាន TASS ។

លោកបានបញ្ជាក់ថា៖«យើងគ្រាន់តែត្រូវកំណត់អាទិភាព ដោយបន្ថែមថា «មានបញ្ហាជាច្រើននៅទីនោះដែលត្រូវការការយកចិត្តទុកដាក់បន្ថែមទៀត»។
លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បានបន្តថា៖«វាហាក់បីដូចជាយើងទាំងអស់គ្នាស៊ាំនឹងការពិតដែលថាយើងមានជំនាញបែបនេះ ដែលប្រទេសផ្សេងទៀតមិនមាន ប៉ុន្តែយើងត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះពួកគេ ដើម្បីឲ្យពួកគេអភិវឌ្ឍន៍ និងអាចប្រើប្រាស់បាននាពេលអនាគត ដើម្បីដោះស្រាយកិច្ចការទាំងនោះបាន និង គួរតែត្រូវបានដោះស្រាយដោយមានជំនួយពីបច្ចេកវិទ្យាទាំងអស់នេះ។
ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos លោក យូរី បូរីសូវ (Yuri Borisov) បាននិយាយកាលពី សប្តាហ៍មុនថា រុស្ស៊ី និងចិន កំពុងធ្វើការលើគម្រោងដំឡើងរ៉េអាក់ទ័រនុយក្លេអ៊ែរ នៅលើភពព្រះចន្ទ នេះបើយោងតាមសារព័ត៌មានTASS។