ពលរដ្ឋបោះឆ្នោតរុស្ស៊ី បានចាប់ផ្តើមនាំគ្នាទៅបោះឆ្នោតសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ នៅក្នុងតំបន់ចុងបូព៌ា រួមទាំងតំបន់ ខាមឆាតកា (Kamchatka) តំបន់ ឆូគុតតា (Chukotka) និងតំបន់ផ្សេងទៀតនៅម៉ោង ៨ ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃសុក្រ (១៥ មីនា) នេះ។

បេក្ខជនចំនួនបួនរូបនឹងប្រជែងយកតំណែងកំពូលមួយនេះ គឺលោក លីអូនីដ ស្លុតស្គី (Leonid Slutsky) នៃគណបក្សប្រជាធិបតេយ្យសេរី លោក នីកូឡៃ ខារីថូនៅ (Nikolai Kharitonov) នៃបក្សកុម្មុយនិស្តរុស្ស៊ី លោក វ្លាឌីស្លាវ ដាវ៉ានខូវ (Vladislav Davankov) នៃគណបក្សប្រជាជនថ្មី និងលោក វ្លាឌីមៀ ពូទីន (Vladimir Putin) ដែលជាប្រធានាធិបតីកំពុងកាន់អំណាច និងជាបេក្ខជនឯករាជ្យ ដែលគេមើលឃើញថាជាអ្នកឈ្នះក្នុងការបោះឆ្នោតនេះ។
ប្រទេសរុស្ស៊ី បានបង្កើតការិយាល័យបោះឆ្នោតជាង ៩០.០០០ ទីតាំង ដំណើរការពីម៉ោង ៨ ព្រឹកដល់ម៉ោង ៨ យប់ (ម៉ោងក្នុងស្រុក) រយៈពេលបីថ្ងៃរវាងថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា។

ដោយសារវិសាលភាពទឹកដីដ៏ធំធេងរបស់រុស្ស៊ីនៅទូទាំងតំបន់ពេលវេលាខុសគ្នាជាច្រើន តំបន់ ខាមឆាតកា និងតំបន់ ឆូគុតតា ដែលស្ថិតនៅក្នុងតំបន់ចុងបូព៌ានេះ គឺជាទីតាំងដំបូងគេដែលចាប់ផ្តើមបោះឆ្នោត។ ការិយាល័យបោះឆ្នោតនៅទំបន់ ខាលីនីងហ្គ្រាដ (Kaliningrad) ដែលមានទីតាំងនៅភាគខាងលិចនៃប្រទេសរុស្ស៊ី នឹងក្លាយជាកន្លែងចុងក្រោយដែលចាប់ផ្តើមការបោះឆ្នោត។

យោងតាមទិន្នន័យដែលចេញផ្សាយដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់រុស្ស៊ី ពលរដ្ឋរុស្ស៊ីប្រហែល ១១០ លាននាក់មានសិទ្ធិបោះឆ្នោត ក្នុងនោះមានជាង ១,៨ លាននាក់រស់នៅបរទេស៕